(វ៉ាស៊ីនតោន)៖ ទីលានវាយកូនហ្គោលផ្ទាល់ខ្លួនលំដាប់អន្តរជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលស្ថិតក្នុងតំបន់ Doonbeg ត្រូវបានជ្រើសរើសជាទីតាំងប្រកួត Irish Open នាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទីលានដែលបានបើកដំណើរការតាំងពីឆ្នាំ២០០២ មួយនេះ គឺជាអតីតរមណីយ៍ដ្ឋានដែលត្រូវបានទិញដោយលោកត្រាំ នាអំឡុងឆ្នាំ២០១៤ បន្ទាប់ពីត្រូវបានគូរប្លង់ដោយលោក Greg Norman អតីតតារាវាយកូនហ្គោលលំដាប់លេខ១ ពិភពលោកទៀតផង។
ទីតាំងដ៏វិសេសវិសាលនេះដែរ នឹងដំណើរការកម្មវិធីប្រកួត Irish Open 2026 ចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ដោយមានរយៈពេលត្រឹម ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលកម្មវិធី Walker Cup រៀបចំនៅតំបន់ Clare រវាងចក្រភពអង់គ្លេស អៀរឡង់ និងសហរដ្ឋអាមេរិកបានបិទបញ្ចប់។
ម្ចាស់ជើងឯកកម្រិត Masters គឺ Rory McIlroy ដែលបានឈ្នះ Irish Open កាលពីថ្ងៃអាទិត្យនៅទីលាន K Clup ស្ថិតក្នុង County Kildare នាឆ្នាំ២០២៥ ក៏នឹងបន្តចូលរួមកម្មវិធីនេះដែរនាឆ្នាំក្រោយ។
គួរបញ្ជាក់ផងថា Irish Open ត្រូវបានប្រកាសថា គឺជាកម្មវិធីមួយស្ថិតក្នុងកម្រិត DP World Tour 2026 ក្នុងចំណោម ៤២កម្មវិធីសរុប ដែលនឹងធ្វើឡើងនៅ ២៥ប្រទេសផ្សេងគ្នា៕
ប្រភព៖ FRESHNEWS