Ronaldo ទទួលបានពានរង្វាន់ឯកត្តជនថ្មី «Best of All Time» ពីលីគបាល់ទាត់ព័រទុយហ្កាល់

Cristiano Ronaldo ទទួលបានពានរង្វាន់ឯកត្តជនថ្មីមួយបន្ថែមចូលក្នុងអាជីព ជាពានកីឡាករល្អអស្ចារ្យដាច់គេបំផុត (Best of All Time) ពីសំណាក់លីគបាល់ទាត់ព័រទុយហ្កាល់ Primeira Liga។ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ក៏យល់ព្រមទទួល ទោះមិនមែនជាពានរង្វាន់កម្រិតតំបន់ ឬពិភពលោកក៏ដោយ។

កាលពីថ្ងៃទី១០ កញ្ញា ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់អាជីពព័រទុយហ្កាល់ បានរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ សម្រាប់កីឡាករបានបង្ហាញខ្លួនល្អ ប្រចាំប្រទេសព័រទុយហ្កាល់ នៅរដូវកាល​ ២០២៤-២៥។ 

ខ្សែប្រយុទ្ធ Viktor Gyokeres ដែលទើបបានផ្លាស់ចេញពី Sporting Lisbon ទៅក្លិប Arsenal ជាប់ជាកីឡាករល្អប្រចាំឆ្នាំ (Best Player of the Year) ប្រចាំលីគកំពូលព័រទុយហ្កាល់ តាមរយៈរកបាន ៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៥២លើក រដូវកាលមុន។

យ៉ាងណាមិញ កីឡាករដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកគាំទ្រព័រទុយហ្កាល់ បានលើប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ​Cristiano Ronaldo ឯណោះវិញទេ ដោយគេបានឈ្នះពានរង្វាន់កីឡាករល្អដាច់គេបំផុត Best of All Time។ ខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ មិនបានចូលរួមពិធីប្រគល់ពានរង្វាន់ ផ្ទាល់ ប៉ុន្តែគេបានផ្ញើវីដេអូបញ្ជាក់ពីការព្រមទទួលពានរង្វាន់ឯកត្តជននោះ។

ខ្សែប្រយុទ្ធឆ្នើម Al-Nassr បាននិយាយតាមរយៈសារវីដេអូដូច្នេះថា៖«ខ្ញុំពិតជាអរគុណដល់មិត្តរួមក្រុមទាំងអស់កន្លងមក បានជួយខ្ញុំពេញមួយអាជីពរបស់ខ្ញុំ ហើយជួយឱ្យខ្ញុំអាចឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយនេះ។ ខ្ញុំពិតជាចង់អរគុណរាល់គ្រូបង្វឹកខ្ញុំទាំងអស់ និងគ្រប់គ្នាបានរួមចំណែកជួយខ្ញុំក្នុងដំណើរអាជីពដ៏វែងឆ្ងាយមួយនេះ ហើយជួយខ្ញុំឱ្យធ្វើបានកាន់ល្អខ្លាំងឡើង។»។

រដូវកាល ២០២៤-២០២៥ Ronaldo ជួយព័រទុយហ្កាល់ឈ្នះពានរង្វាន់ UEFA Nations League ដោយស៊ុតបាល់បញ្ចូលទីវគ្គ ៨ ក្រុមចុងក្រោយទល់ដាណឺម៉ាក, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់អាល្លឺម៉ង់ និងវគ្គផ្តាច់ព្រ័ត្រផ្តួលអេស្ប៉ាញ។ 

បច្ចុប្បន្ន អតីតកីឡាករក្រុម Real Madrid និង Manchester United ជាកីឡាករម្នាក់រកបានគ្រាប់បាល់ជាងគេបំផុតលើពិភពលោក រហូតដល់ ៩៤៣គ្រាប់ ពីការប្រកួតចំនួន ១ ២៨៦ប្រកួត ស្របពេលបុរសវ័យ ៤០ឆ្នាំ កំពុងត្រូវការគ្រាប់បាល់ចំនួន ៥៧គ្រាប់ថែមទៀត ដើម្បីសម្រេចបំណងរកបាន ១ ០០០គ្រាប់ក្នុងអាជីព។

អតីតខ្សែប្រយុទ្ធ Luis Nani និង Ricardo Quaresma ជាប់ជាវីរបុរសក្រុមជម្រើសជាតិព័រទុយហ្កាល់ ខណៈតារាបាល់ទាត់កំពុងលេចធ្លោរ Nuno Mendes, Goncalo Ramos, Vitinha Joao Neves ឈ្នះពានរង្វាន់កីឡាករលេងជាក្រុមល្អប្រចាំឆ្នាំ ក្រោយពួកគេរួមគ្នាជួយ PSG ឈ្នះពានរង្វាន់ UEFA Champions League។ កីឡាករ Geovany Quenda វ័យ ១៨ឆ្នាំ លេងនៅក្លិប Chelsea ជាប់ជាកីឡាករវ័យក្មេងល្អប្រចាំឆ្នាំ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top