ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ត្រូវបានគេព្យាករ នឹងមិនពិបាកឡើយ ក្នុងការឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ក្នុងពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥។
ក្នុងការប្រកួតពានបាល់ទះជើងឯកពិភពលោក ជប៉ុន ស្ថិតនៅពូល G ជាមួយក្រុម កាណាដា តួកគី និង លីប៉ី។ សម្រាប់ពូល G នេះ ជប៉ុន អាចនឹងមានភាគរយខ្ពស់ខ្លាំង ក្នុងការឡើងទៅកាន់វគ្គបន្ត ដោយសារតាមកម្រិតជាក់ស្តែង ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ សុទ្ធតែមានកម្រិតនៅលើក្រុមទាំង ៣ នោះ។
បច្ចុប្បន្ន ជប៉ុន ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ពិភពលោក។ ចំណែក កាណាដា ស្ថិតនៅចំណាត់ថ្នាក់លេខ ១១, តួកគី ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ និងចុងក្រោយ លីប៉ី ស្ថិតនៅចំណាត់ថ្នាក់លេខ ៧៥។ រីឯស្ថិតិប្រកួតវិញ នាមួយរយៈចុងក្រោយនេះ ជប៉ុន កាន់តែល្អថែមទៀត ដោយការប្រកួតក្នុងពាន Volleyball Nations League តាំងពីវគ្គជម្រុះ ដល់ជុំចុងក្រោយ ពួកគេឆ្លងកាត់ ១៣ ប្រកួត ឈ្នះរហូតដល់ ៨ ប្រកួត និងចាញ់ត្រឹម ៥ ប្រកួតប៉ុណ្ណោះ។
ស្ថិតិនេះ ជឿជាក់ ថា ជប៉ុន នឹងធ្វើបានកាន់តែល្អសម្រាប់ពានបាល់ទះជើងឯកពិភពលោក ២០២៥។ រឿងដែលកាន់តែមានទំនុកចិត្តសម្រាប់ ជប៉ុន មួយទៀតនោះ គឺក្នុងមួយពូល គេកំណត់យក ២ ក្រុម ដើម្បីឡើងទៅវគ្គ ១៦ ក្រុម។ ដូច្នេះ ប្រសិនបើក្រុមខ្លាំងរបស់ អាស៊ី មួយនេះ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ ក៏ពួកគេអាចមានឱកាសបានឡើងទៅវគ្គបន្តបានផងដែរ។
គួរបញ្ជាក់ថា ការប្រកួតការប្រកួតពាន FIVB Men’s Volleyball World Championship នឹងចាប់ផ្តើមពីថ្ងៃស្អែកទី ១២ នេះតទៅហើយ រហូតដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៥ នៅប្រទេស ហ្វីលីពីន៕
ប្រភព៖ KAMPUCHEATHMEY