កីឡាករ Mouzakitis ជា​ម្ចាស់​ខ្សែ​ក្រវាត់ ៤ ប៉ះ សោម ពិសិដ្ឋ ដណ្តើម​ខ្សែ​ក្រវាត់ ISKA នៅ​អង់គ្លេស

កីឡាករ​គុន​ខ្មែរ សោម ពិសិដ្ឋ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA នៅ​សង្វៀន​ MTGP ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA នេះ កីឡាករ សោម ពិសិដ្ឋ ត្រូវ​ប៉ះ​ដៃ​គូ​ដែល​មាន​កាយ​សម្បទា​ល្អ និង​បទ​ពិសោធ​ច្រើន George Mouzakitis ជា​កូន​កាត់​អង់គ្លេស-ក្រិក។ កីឡាករ​​ដែល​មាន​ កម្ពស់ ១.៨០​ម៉ែត្រ និង​ទម្ងន់​៦៥​គីឡូក្រាម បានចាប់​អាជីព​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​សូវ​បាន​ប្រកួត​ញឹក​ញាប់​ទេ។ រូប​គេ​បាន​ប្រកួត​មិន​អាជីព​ ឬ​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​មុន​ពេល​​​ប្រកួត​កម្រិត​អាជីព។

កីឡាករ George Mouzakitis បាន​ប្រកួត​នៅ​សង្វៀន ONE Championship ចំនួន ២ លើក ប៉ុន្តែ​បរាជ័យ​ទាំង​ពីរលើក។ លើក​ទី១ រូប​គេ​បាន​ចាញ់​ពិន្ទុ​កីឡាករ​តួកគី Ferzan Cicek នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ ២០២៥ និង លើក​ទី​២ រូប​គេ​បាន​ចាញ់​សន្លប់​ក្នុង​ទឹក​ទី​៣ ក្រោម​ស្នាដៃ​របស់​កីឡាករ Parham Gheirati នៅ​​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ ២០២៤។

តាម​ស្ថិតិ​ដែល​បង្ហាញ​ច្បាស់​សម្រាប់​ការ​ប្រកួតអាជីព​គឺ ឈ្នះ ៧ លើក និង​ចាញ់ ៤ លើក។ ក្នុង​ចំណោម​ការ​ឈ្នះ​ទាំង ៧ លើក​គឺ រូប​គេ​បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ១ លើក និង​ឈ្នះ ពិន្ទុ ៦ លើក ខណៈ​​ចាញ់​ពិន្ទុ ៣ លើក និង​ចាញ់​សន្លប់ ១ លើក។ ការ​ប្រកួត​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ ២០២៥ រូប​គេ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ Damien Alamos។

តាម​សេចក្តី​ប្រកាស​របស់​កម្មវិធី Muay Thai Grand Prix ​​បាន​បង្ហាញ​ថា កីឡាករ​ George Mouzakitis មាន​ខ្សែ​ក្រវាត់​ចំនួន ៤ គឺ​ខ្សែ​ក្រវាត់​ពិភព​លោក​ IMC World Champion, ខ្សែ​ក្រវាត់​ថ្នាក់​ជាតិ​ WBC National Champion, ខ្សែ​ក្រវាត់​ WBC NKT និង​ខ្សែ​ក្រវាត់​ MTGP ទ្វីប​អឺរ៉ុប។

ឥឡូវ​នេះ Mouzakitis ចាប់​ផ្តើម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ISKA ជា​លើក​ដំបូង​ដែល​ត្រូវ​តទល់​នឹង​កីឡាករ​កម្ពុជា សោម ពិសិដ្ឋ ​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។ កីឡាករ​គុនខ្មែរ​មាន​ប្រវត្តិ​ប្រកួត ៧៥​ដង រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​អាជីព និងមិន​អាជីព ក្នុង​នោះ​ឈ្នះ ៥១​ដង។ ពិសិដ្ឋ បាន​ឈ្នះ​មេដាយ​មាស​គុន​ខ្មែរ​​ថ្នាក់​ជាតិ​ឆ្នាំ ២០២២ និង​មេដាយ​មាស​កីឡា​ជាតិ ឆ្នាំ ២០២៣។

ទោះ​ពី​ជា​យ៉ាង​ណា សោម ពិសិដ្ឋ មិន​សូវ​មាន​កេរ្ត៍​ឈ្មោះ​ល្បី​​នៅ​ក្នុង​ប្រទេស ហើយ​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​ទៀត​សោត​ក៏​មិន​សូវ​ទទួល​បាន​ឱកាស​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ដែរ។ ការ​បោះ​ជំហាន​ទៅ​ប្រទេស​អង់គ្លេស​លើក​នេះ​គឺ​ជា​ឱកាស​ធំ​ដែល​រូប​គេ​ត្រូវ​បង្ហាញ​សមត្ថភាព សាង​កេរ្តិ៍​ឈ្មោះ និង​ស្វែង​រក​ឧត្តម​សម្រាប់​ខ្លួន​ឯង ព្រម​ទាំង​ប្រទេស​ជាតិ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top