លោក Eliud Kipchoge អតីតម្ចាស់កំណត់ត្រាពិភពលោក និងកីឡាការិនី Sifan Hassan ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងប៉ារីស នឹងបង្ហាញខ្លួនលើកដំបូងរបស់អ្នកទាំងពីរ នៅព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទីក្រុងញូវយ៉ក ឆ្នាំ២០២៥ នៅក្នុងខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់អ្នករៀបចំម៉ារ៉ាតុងក្រុងញូវយ៉ក។
អំឡុងព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងស៊ីដនី គម្រប់ខួប ២៥ឆ្នាំ កាលពីខែសីហា កន្លងទៅ កីឡាការិនីសញ្ជាតិហូឡង់ បញ្ចប់ចំណាត់ថ្នាក់លេខ ១ ដោយរត់ប្រើថិរវេលា ២:១៨:២២។ ចំណែកលោក Eliud Kipchoge បញ្ចប់ចំណាត់ថ្នាក់លេខ ៩ ដោយប្រើថិរវេលា ២:០៨:៣១។
កីឡាការិនីវ័យ ៣២ឆ្នាំ ម្ចាស់មេដាយអូឡាំពិកឆ្នាំ ២០២៤ ក្នុងឆ្នាំ ២០២៥ នាងក៏បានចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងឡុងដ៏ ហើយបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ លើវិញ្ញាសារម៉ារ៉ាតុង ដោយប្រើថិរវេលា ២:១៩:០០។
លោក Kipchoge វ័យ ៤០ឆ្នាំ ជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងរីយ៉ូ និងទីក្រុងតូក្យូ លើវិញ្ញាសាម៉ារ៉ាតុង លោកខកខានឈ្នះការរត់ប្រណាំងម៉ារ៉ាតុងធំៗអស់ពេល ២ឆ្នាំ រួចមកហើយ បន្ទាប់ពីបុរសសញ្ជាតិកេនយ៉ា ឈ្នះការរត់ប្រណាំងចុងក្រោយបង្អស់ អំឡុងម៉ារ៉ាតុងទីក្រុងប៊ែរឡាំង កាលពីឆ្នាំ ២០២២។
បើតាមការប្រកាសរបស់អ្នករៀបចំម៉ារ៉ាតុងញូវយ៉ក ទាំងលោក Kipchoge និងកីឡាការិនី Hassan នឹងបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុងញូវយ៉ក លើកដំបូងដូចគ្នា ហើយដែលព្រឹត្តិការណ៍នោះនឹងរៀបចំឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៥។
បុរសវ័យ ៤០ឆ្នាំ ដែលជាមនុស្សដំបូងគេរត់ម៉ារ៉ាតុងប្រើថិរវេលាក្រោម ២ម៉ោង កាលពីឆ្នាំ ២០១៩ តែមិនមែនជាលទ្ធផលផ្លូវការ តែងតែចូលរួមការរត់ប្រណាំងម៉ារ៉ាតុងធំៗទីក្រុងដទៃជុំវិញពិភពលោក ប៉ុន្តែលើកលែងតែម៉ារ៉ាតុងទីក្រុងញូវយ៉ក លោកមិនដែលចូលរួមម្តងឡើយ។
ក្រៅពីវីរបុរសកីឡាម៉ារ៉ាតុងលោក Kipchoge និងកីឡាការិនី Hassan ម្ចាស់ការពារជើងឯកផ្នែកបុរស Abdi Nageeye សញ្ជាតិហូឡង់ និងផ្នែកនារី Sheila Chepkirui មកពីកេនយ៉ា ក៏ចូលរួមម៉ារ៉ាតុងញូវយ៉ក ឆ្នាំ ២០២៥ ។ លើសពីនេះអតីតម្ចាស់ជើងឯក Albert Korir និង Evans Chebet មកពីកេនយ៉ា ក៏នឹងមានវត្តមានប្រកួតដូចគ្នា។ កាលពីឆ្នាំ ២០២៤ ម៉ារ៉ាតុងក្រុងញូវយ៉ក មានអ្នករត់ដល់ទីសរុប ៥៥៦៤៤នាក់៕
ប្រភព៖ THMEYTHMEY