សំ ថារ័ត្ន ផលិតបន្ដោងសោគុនល្បុក្កតោ លក់ព្យាបាលជំងឺម្ដាយ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ

សំ ថារ័ត្ន កីឡាការិនីគុនល្បុក្កតោ និងជាតួសម្ដែងភាពយន្ដ បានយករូបកញ្ញា ដោយបំប្លែងជាតុក្កតា ធ្វើជាបន្ដោងសោ ដើម្បីលក់យកលុយព្យាបាលជំងឺម្ដាយ ដែលកើតគីសក្បែរថ្លើម។ ថារ័ត្ន ធ្វើរូបតុក្កតា ដែលបានបង្ហាញពីក្បាច់គុនល្បុក្កតោនោះ ក៏ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីក្បាច់គុនខ្មែរ ផងដែរ។

កីឡាការិនី សំ ថារ័ត្ន ដែលមានមូលដ្ឋានគ្រឹះក្បាច់គុនចេញពីគុនល្បុក្កតោ មានពហុជំនាញលើវិញ្ញាប្រយុទ្ធមួយចំនួន ក្នុងនោះមានគុនខ្មែរ និងគុនចម្រុះ។ ក្រៅពីប្រកបអាជីពជាអ្នកប្រដាល់ កីឡាការិនីរូបនេះ ក៏ជាតួសម្ដែងភាពយន្ដជាតិ និងអន្ដរជាតិ ដែលក្នុងនៅមាន Short Gun Wedding, មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ (First They Kill My Father), ហែកគុក (Jail Break)…។ល។

នៅដើមខែកញ្ញានេះ កីឡាការិនីវ័យ ៣៥ឆ្នាំរូបនេះ បានដាក់លក់បន្ដោងសោជាវត្ថុអនុស្សាវរីយ៍ ដែលរូបកញ្ញា ត្រូវបានបំប្លែងជារូបតុក្កតា ដោយចេញនូវមេគុនល្បុក្កតោ។ គោលបំណង នៃការលក់បន្ដោងសោនេះ កញ្ញា ថា រ័ត្ន ត្រូវការរកចំណូលបន្ថែម ដើម្បីទៅព្យាបាលគីសក្បែរថ្លើមរបស់ម្ដាយ ដែលមានវ័យ ៦៨ឆ្នាំ។ 

ក្រៅពីគោលបំណងរកថវិកាបន្ថែមមើលជំងឺម្ដាយ កីឡាការិនី សំ ថារ័ត្ន ក៏មានគោលដៅជួយផ្សព្វផ្សាយគុនល្បុក្កតោ ផងដែរ។ កីឡាការិនីរូបនេះ យល់ថា វត្ថុអនុស្សាវរីយ៍ដែលមានរូបតុក្កតា នឹងមានអ្នកចូលចិត្តច្រើន ជាពិសេសនោះបរទេស ដែលចង់ដឹងចង់ឮពីក្បាច់គុនបុរាណខ្មែរ។

«គោលបំណងគឺ ផ្ដើមចេញពីខ្ញុំខ្លួនឯង ចូលចិត្តបន្ដោងសោ ហើយពេលទិញម្ដងៗ ឃើញតែរបស់គេ ។ ខ្ញុំក៏ចង់ធ្វើជារូបតុក្កតាចេញពីខ្លួនឯង ដែលចេញពីខ្មែរ ដែលចេញពីឈាមអ្នកគុននិយម ហើយគុនបុរាណខ្មែរ អាចផ្ដល់អារម្មណ៍មកថា បន្ដោងនេះគឺបង្ហាញពីថាមពលរបស់កូនស្រីខ្មែរ និងតំណាងភាពគួរឲ្យស្រលាញ់ ភាពរួសរាយ ប៉ុន្តែមានភាពក្លាហាន រឹងមាំ តស៊ូ និងអត់ធ្មត់។ ខ្ញុំ ទៅក្រៅប្រទេសម្ដងៗ បងមានតែក្រមា កម្ពុជា ដែលឲ្យជាវត្ថុអនុស្សាវរីយ៍ទៅមិត្តបរទេស។ ខ្ញុំ ក៏ត្រូវព្យាបាលម្ដាយផងដែរ។ កាលនៅមហារីកសុដន់ តម្លៃខ្ញុំអាចរ៉ាប់រងបាន។ ឥឡូវនេះ គាត់មានគីសក្បែរថ្លើម ត្រូវកម្ចាត់វាជាបន្ទាន់។ ដូចនេះ ខ្ញុំ ត្រូវតែចេះរកសន្សំតក់ៗ ក្រែងបានសម្រួលថ្លៃថ្នាំតិចតួចដែរ។» សំ ថារ័ត្ន បាននិយាយដូច្នេះ។ 

សំ ថារ័ត្ន ក៏មានគម្រោងផលិត បន្ដោងសោជារូបតុក្កតា ក្នុងសាច់ស្នៀតល្បុក្កតោ ជាទម្រង់ផ្សេងទៀត ព្រមជាមួយវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដែលបង្ហាញពីពីក្បាច់គុនបុរាណខ្មែរផងដែរ។ កីឡាការិនីរូបនេះ ជឿថា នឹងមានអ្នកគាំទ្រច្រើន៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top