កីឡាករអាមេរិក Jackson ជឿជាក់សងសឹក ឡៅ ចន្ទ្រា បាន ១០០% នៅ​ថ្ងៃស្អែក

អ្នកប្រដាល់ អាមេរិក Juan Jackson ជឿជាក់លើខ្លួនឯងនឹង​សងសឹក​បាន​លើកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ១០០% នៅក្នុងការប្រកួតកម្មវិធី«កម្ពុជា​ទឹក​ដី​នៃ​សន្តិភាព Cambodia Land of Peace» នៅខេត្ត​សៀមរាប ថ្ងៃទី ១៣ និង ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ។

ជំនួបរវាង Juan Jackson និង ឡៅ ចន្ទ្រា នៅទឹកដី កម្ពុជា គឺជាការជួបគ្នាលើកទី ២ ខណៈការប្រកួតកាលពីលើកទី ១ កាលពីខែ មិថុនា ឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក ឡៅ ចន្ទ្រា បានទទួលជ័យជម្នះលើ Jackson ដោយពិន្ទុ។

មុនជំនួបលើកទី ២ កីឡាករ Juan Jackson បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា៖ «ខ្ញុំមានទំនុកចិត្តនឹងឈ្នះ ១០០%។ ខ្ញុំនឹងយកជ័យជម្នះត្រឡប់មកវិញ ១០០ % ១០០%។ អ្នកត្រូវតែជឿជាក់លើខ្លួនអ្នកជាមុនសិន មុនពេលអ្នកធ្វើអ្វីផ្សេងទៀត។ ដូច្នេះ ខ្ញុំតែងតែជឿជាក់លើខ្លួនរបស់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែហ្វឹកហាត់ឱ្យខ្លាំង និងត្រូវរៀបចំខ្លួនឱ្យបានល្អ។ ខ្ញុំនឹងដណ្តើមយកជ័យជម្នះត្រឡប់មកវិញ។ អរគុណ កម្ពុជា ដែលឱ្យខ្ញុំមកទីនេះ»។

Jackson បានបង្ហាញភាពជឿជាក់ ១០០% ថា ការប្រកួតនៅថ្ងៃទី ១៣ ខែ កញ្ញា ស្អែកនេះ រូបគេនឹងអាចយកឈ្នះលើ ឡៅ ចន្ទ្រា ហើយអាចសងសឹក​បានសម្រេច។ យ៉ាងណា រូបគេក៏បានរម្លឹកពីការប្រកួតកាលពីលើកទី ១ នៅ អាមេរិក ផងដែរ ដោយនៅពេលនោះ រូបគេយល់ ថា ឡៅ ចន្ទ្រា មិនសមឈ្នះខ្លួននោះទេ ព្រោះរូបគេ គឺបានវាយចូលច្រើនជាង។

ជុំវិញរឿងនេះ Jackson បាននិយាយ ថា៖ «ខ្ញុំគិតថា ខ្ញុំបានឈ្នះក្នុងការប្រកួតនោះ។ ខ្ញុំគិតថា ខ្ញុំឈ្នះការប្រកួតនេះ។ គាត់មិនបានបង្ហាញអ្វីលេចធ្លោ​ច្រើនទេ។ គាត់ គឺវាយធម្មតាៗ ហើយថយច្រើន លក្ខណៈសប្បាយៗ ហើយខ្ញុំមិនបានឃើញគាត់បង្ហាញអ្វីឱ្យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា គាត់ឈ្នះនោះទេ។ ដូច្នេះប្រកួតនេះ ខ្ញុំនឹងបន្តដាក់សម្ពាធលើគាត់ ហើយសង្ឃឹមថា ពួកយើងនឹងអាចនិយាយគ្នានៅក្នុងពេលនេះ»។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top