អ្នកប្រដាល់ អាមេរិក Juan Jackson ជឿជាក់លើខ្លួនឯងនឹងសងសឹកបានលើកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា ១០០% នៅក្នុងការប្រកួតកម្មវិធី«កម្ពុជាទឹកដីនៃសន្តិភាព Cambodia Land of Peace» នៅខេត្តសៀមរាប ថ្ងៃទី ១៣ និង ១៤ ខែ កញ្ញា ឆ្នាំ ២០២៥ ។
ជំនួបរវាង Juan Jackson និង ឡៅ ចន្ទ្រា នៅទឹកដី កម្ពុជា គឺជាការជួបគ្នាលើកទី ២ ខណៈការប្រកួតកាលពីលើកទី ១ កាលពីខែ មិថុនា ឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក ឡៅ ចន្ទ្រា បានទទួលជ័យជម្នះលើ Jackson ដោយពិន្ទុ។
មុនជំនួបលើកទី ២ កីឡាករ Juan Jackson បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ថា៖ «ខ្ញុំមានទំនុកចិត្តនឹងឈ្នះ ១០០%។ ខ្ញុំនឹងយកជ័យជម្នះត្រឡប់មកវិញ ១០០ % ១០០%។ អ្នកត្រូវតែជឿជាក់លើខ្លួនអ្នកជាមុនសិន មុនពេលអ្នកធ្វើអ្វីផ្សេងទៀត។ ដូច្នេះ ខ្ញុំតែងតែជឿជាក់លើខ្លួនរបស់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែហ្វឹកហាត់ឱ្យខ្លាំង និងត្រូវរៀបចំខ្លួនឱ្យបានល្អ។ ខ្ញុំនឹងដណ្តើមយកជ័យជម្នះត្រឡប់មកវិញ។ អរគុណ កម្ពុជា ដែលឱ្យខ្ញុំមកទីនេះ»។
Jackson បានបង្ហាញភាពជឿជាក់ ១០០% ថា ការប្រកួតនៅថ្ងៃទី ១៣ ខែ កញ្ញា ស្អែកនេះ រូបគេនឹងអាចយកឈ្នះលើ ឡៅ ចន្ទ្រា ហើយអាចសងសឹកបានសម្រេច។ យ៉ាងណា រូបគេក៏បានរម្លឹកពីការប្រកួតកាលពីលើកទី ១ នៅ អាមេរិក ផងដែរ ដោយនៅពេលនោះ រូបគេយល់ ថា ឡៅ ចន្ទ្រា មិនសមឈ្នះខ្លួននោះទេ ព្រោះរូបគេ គឺបានវាយចូលច្រើនជាង។
ជុំវិញរឿងនេះ Jackson បាននិយាយ ថា៖ «ខ្ញុំគិតថា ខ្ញុំបានឈ្នះក្នុងការប្រកួតនោះ។ ខ្ញុំគិតថា ខ្ញុំឈ្នះការប្រកួតនេះ។ គាត់មិនបានបង្ហាញអ្វីលេចធ្លោច្រើនទេ។ គាត់ គឺវាយធម្មតាៗ ហើយថយច្រើន លក្ខណៈសប្បាយៗ ហើយខ្ញុំមិនបានឃើញគាត់បង្ហាញអ្វីឱ្យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា គាត់ឈ្នះនោះទេ។ ដូច្នេះប្រកួតនេះ ខ្ញុំនឹងបន្តដាក់សម្ពាធលើគាត់ ហើយសង្ឃឹមថា ពួកយើងនឹងអាចនិយាយគ្នានៅក្នុងពេលនេះ»។
ប្រភព៖ KAMPUCHEATHMEY