(ឡុងដ៏)៖ អ្នកចាត់ការទូទៅលោក Pep Guardiola បានឱ្យដឹងនាពេលថ្មីៗនេះថា អ្នកចាំទីអន្តរជាតិអ៉ីតាលី Gianluigi Donnarumma គឺជាប្រភេទអ្នកចាំទីខុសពី Ederson ដែលជាអតីតជម្រើសដំបូងរបស់ Manchester City ។
Donnarumma ដែលជាអ្នកចាំទីដ៏ឆ្នើម ដែលទិញមកពីក្លឹប Paris St Germain ក្នុងខែកញ្ញានេះ ក្នុងនាមជាអ្នកមកជំនួសតួនាទីជម្រើសទី១ ពីកីឡាករអន្តរជាតិប្រេស៊ីល Ederson ដែលបានចាកចេញទៅ Fenerbahce បន្ទាប់ពីរួមរស់អស់រយៈពេល ៨ឆ្នាំជាមួយមេឃខៀវ Man City ។
លោកបានឱ្យដឹងថា «ខ្ញុំនឹងមិនទាមទារឱ្យ Donnarumma ធ្វើអ្វីមួយដែលគាត់មិនសប្បាយចិត្តនោះទេ ហើយក៏យើងមិនសុំឱ្យរូបគេ ធ្វើអ្វីដែល Ederson ធ្លាប់បានធ្វើនោះទេ… ពួកគេខុសគ្នា» ។ អ្នកគ្រប់គ្រងដដែលបន្តថា Donnarumma ជាកីឡាករមានកម្ពស់ ១.៩៦ម៉ែត្រ គាត់មានមាឌធំ នឹងខ្ពស់ណាស់ នោះហើយជាអ្វីដែលគាត់បានផ្តល់ឱ្យយើង នឹងជាវត្តមានដ៏ធំសម្រាប់ក្លឹប។
សូមជម្រាបផងថា Gianluigi Donnarumma ជាអ្នកចាំទីម្នាក់ធ្លាប់បានឈ្នះជើងឯកលីគបារាំង Ligue 1 ចំនួន ៤ដង និងទើបឈ្នះ UEFA Champions League 2024-25 ជាមួយ PSG ដែលនឹងនាំមកនូវបទពិសោធន៍ជាច្រើនដល់ក្រុម Man City ជាមួយការត្រៀមប៉ះ Man United នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងប្រការប្រជែងលីគអង់គ្លេស ៕
ប្រភព៖ FRESHNEWS