(បរទេស)៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ក្រុមបាល់ទាត់ Liverpool ទំនងជាបន្តការពារតំណែងជើងឯកលីគអង់គ្លេស Premier League រដូវកាលនេះបានសម្រេច ជាមួយស្ថិតិមានដល់ទៅ ២៨.៩ភាគរយច្រើនជាងគេដាច់តែម្តង។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមការពារតំណែងជើងឯកមួយនេះ រកបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នាតែ ម្តងនាដើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ និងឈរទីកំពូលតារាងពិន្ទុដាច់ទៀតផង ដោយមាន ១២ពិន្ទុពេញ ស្របពេលគូប្រជែង Manchester United ដែលដណ្តើមបានពានលីគ ២០លើកស្មើគ្នា ត្រូវបានគេព្យាករណ៍ថា មានឱកាសឈ្នះតែ ២.៦% ប៉ុណ្ណោះ។
គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Arne Slot បានដឹកនាំហង្សក្រហមឈ្នះពាន Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅ Anfield ឆ្នាំ២០២៤-២៥ ជាមួយនឹងការនាំមុខដាច់ ១០ពិន្ទុទៀតផងពីក្រុមលេខ២ កាំភ្លើងធំ Arsenal។
បើផ្អែកតាមក្រុមស្រាវជ្រាវ CIES (International Centre for Sports Studies) ដោយផ្តោតសំខាន់លើបាល់ទាត់បានបង្ហាញថា Liverpool មានឱកាសខ្ពស់ក្នុងការឈ្នះជើងឯក Premier League រដូវកាលនេះទៀតជាមួយនឹងអត្រា ២៨.៩%, Arsenal ១៨.៨%, Chelsea ១៦.២%, Man City ១៤.៤%, Nottingham Forest ៧.៩%, Newcastle United ៥.៨%, Aston Villa ៣.២% និង Man Utd ២.៦%៕
ប្រភព៖ FRESHNEWS