(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញការគាំទ្រសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយសហព័ន្ធគុនខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, ស្ថាប័ន Emei Legend របស់ប្រទេសចិន និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសម៉ាឡេស៊ី ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរមិត្តភាព លើទឹកដីខេត្តសៀមរាប ដើម្បីបង្ហាញការថ្លែងអំណរគុណដល់ប្រទេសទាំង ៣ (អាមេរិក ចិន និងម៉ាឡេស៊ី) ដែលបានជួយសម្របសម្រួលឲ្យមានកិច្ចប្រជុំពិសេស និងសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងពិធីបើកការប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពកម្ពុជា-អាមេរិក-ចិន-ម៉ាឡេស៊ី នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីឆ្នើមៗ តំណាងប្រទេសនីមួយៗ បានចូលរួមអង្រួនសង្វៀនប្រកួតគុនខ្មែរលក្ខណៈមិត្តភាពអន្ដរជាតិ លើទឹកដីអង្គរដ៏បវរ ដែលជាបតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍វប្បធម៌ដ៏ធំចម្បងរបស់កម្ពុជា និងជាទឹកដីកំណើននៃប្រដាល់គុនខ្មែរផងដែរ។
លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធប្រដាល់គុនខ្មែរ ដែលបានរួមសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរប្រចាំរដ្ឋវ៉ាស៊ីនតោន, ស្ថាប័ន Emei Legend របស់ចិន និងសហព័ន្ធប្រដាល់គុនខ្មែរនៅប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតជាលក្ខណៈមិត្តភាព ៤ប្រទេសនេះឡើង ក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំង ៣ រួមមានសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ដែលបានជួយសម្របសម្រួលរៀបចំឲ្យមានកិច្ចប្រជុំពិសេសមួយ រវាងនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងអតីតនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឲ្យមានបទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរកម្ពុជា-ថៃ»។
លោកបន្ថែមទៀតថា «ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាពនេះ ក៏ជាការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ “កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងរាក់ទាក់ស្វាគមន៍” ផងដែរ»។
ឆ្លៀតឱកាសនោះ លោកក៏បានរំលេចអំពីប្រវត្តិដ៏យូរលង់របស់ប្រដាល់គុនខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានសិលាចារឹកផ្ទាល់នៅតាមជញ្ជាំងប្រាសាទបុរាណ បន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដូចជានៅប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ ដូចដែលគណៈប្រតិភូ និងកីឡាករ-កីឡាការិនី បានអញ្ជើញទស្សនា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។
ដោយមានការគាំទ្រ យកចិត្តទុកដាក់ និងដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កីឡាប្រដាល់គុនខ្មែរ មានការថែរក្សា អភិរក្ស និងអភិវឌ្ឍឈានឡើងគួរជាទីមោទនៈ រហូតមានការគាំទ្រ និងទទួលស្គាល់យ៉ាងខ្លាំងខ្លាទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ជាក់ស្ដែង នៅកម្ពុជាបច្ចុប្បន្ន ប្រដាល់គុនខ្មែរ កំពុងមានប្រជាប្រិយភាព ពេញនិយម និងសក្តានុពលយ៉ាងខ្លាំង ដោយសហព័ន្ធ និងដៃគូបានសហការរៀបចំការប្រកួតជាច្រើន ទាំងលក្ខណៈមិត្តភាព និងដណ្តើមខ្សែក្រវ៉ាត់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។
លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានគូសបញ្ជាក់បន្ថែមថា «កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវទិសស្លោកក្នុងវិស័យកីឡា គឺកីឡារស់ក្នុងសន្តិភាព» ។ តាមរយៈនេះ តាងនាមរាជរដ្ឋាភិបាល លោកបានថ្លែងអំណរគុណដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួតគុនខ្មែរមិត្តភាពអន្ដរជាតិ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ លើទឹកដីដើមកំណើតនៃគុនខ្មែរ នេះផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាពកម្ពុជា-អាមេរិក-ចិន-ម៉ាឡេស៊ី នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅសង្វៀនសួនព្រះរាជដំណាក់ នៃក្រុងសៀមរាប ដែលមានការប្រកួតសរុបចំនួន ១៦គូ ក្នុងនោះមានការប្រកួតមិត្តភាព រវាងកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ជាមួយកីឡាករ-កីឡាការិនីអាមេរិក និងម៉ាឡេស៊ី ចំនួន ៩គូ បានបញ្ចប់ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ហើយនៅសល់ ៧គូទៀត ដែលជាការប្រកួតមិត្តភាពរវាងកីឡាករ-កីឡាការិនីកម្ពុជា ជាមួយចិន នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ៕
ប្រភព៖ FRESHNEWS