ជ័យជម្នះរបស់អង្គរថាយហ្គឺរ ដ៏ច្រើនលើសលុបបានកើតឡើងនៅកីឡដ្ឋាន អាគីហីរ៉ូកាតូ បន្ទាប់ពីយកឈ្នះភ្ញៀវអាយ អេស អាយ ដង្កោសែនជ័យ ៨-០ ក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ (CPL)។ ក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាប ឡើងឈរកំពូលតារាង CPL បណ្តោះអាសន្ន ស្របពេល អឹមអូអាយ កំពង់ដេវ៉ា ឡើងចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះហ្គាណាវើលដ៍ ២-១។
បន្ទាប់ពីសម្រាកជិតមួយខែ លីគកំពូលកម្ពុជា បានត្រឡប់មកវិញ សម្រាប់ជំនួបសប្តាហ៍ទី៤ នៅថ្ងៃទី១៣ ខែកញ្ញា។ នៅកីឡដ្ឋាន អាគីហីរ៉ូកាតូ ខេត្តសៀមរាប ម្ចាស់ផ្ទះអង្គរថាយហ្គឺរបានផ្តល់មេរៀនឱ្យក្រុមភ្ញៀវដង្កោសែនជ័យជាមួយលទ្ធផលមិនឱ្យតដៃរួច ៨-០។
ទាំង៨គ្រាប់របស់អង្គរថាយហ្គឺរ សម្រេចបានដោយកីឡាករ៥រូប ក្នុងនោះខ្សែប្រយុទ្ធប្រេស៊ីល Eduardo Juniorរកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ស្របពេលកីឡាករជប៉ុន Kurota Mark Adjeiធ្វើបាន២គ្រាប់ និង៣គ្រាប់ទៀតធ្វើបានពីកីឡាករ Guytho Mijland, ទាំ មករា និង ឃូលីបាលី អាបឌែល។
តាមរយៈជ័យជម្នះនេះ បានជួយក្រុមដែលមានម្ចាស់ក្លិបជាជនជាតិជប៉ុនលោក អាគីហីរ៉ូកាតូ ឡើងឈរកំពូលតារាង CPL បណ្តោះអាសន្ន ដោយរកបាន៩ពិន្ទុ ក្រោយឆ្លងកាត៤ប្រកួត។ ក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀងធ្លាក់ទៅលេខ២ មាន៩ពិន្ទុ ប៉ុន្តែទើបប្រកួត៣លើក។
ក្រុម អឹមអូអាយ កំពង់ដេវ៉ា វាយបកយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៍ ២-១ នៅកីឡដ្ឋានកំពង់ស្ពឺ។ Oliveira De Paula Lucas រកបានគ្រាប់នាំមុខមុនឱ្យក្រុមលោក ឃឹម បូរី នៅនាទី ២៧ មុនពេល កំពង់ដេវ៉ាតាមបានពីរគ្រាប់វិញដោយ Mateus Barbosa Soares នៅនាទី៥៥ និង៧៦។ ឆ្លងកាត់៤ប្រកួតមាន៧ពិន្ទុ ក្រុមដែលប្តូរឈ្មោះពីសមាគនកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឡើងឈរចំណាត់ថ្នាក់លេខ៣ ជំនួសក្រុមកងយោធពលខេមរភូមិន្ទ ដែលធ្លាក់ទៅលេខ៤មាន៥ពិន្ទុ ប៉ុន្តែទើបប្រកួត៣លើក។
ជំនួប៣គូ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា វេលាម៉ោង៦ល្ងាច រួមមាន វិសាខា ទទួលស្វាយរៀង នៅកីឡដ្ឋានព្រីនស៍, បឹងកេត ស្វាយគមន៍ទ័ព នៅស្តាតអូឡាពិក និង ភ្នំពេញក្រោន ទៅសួរសុខទុក្ខ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានឡាយហ្វ៕
ប្រភព៖ THMEYTHMEY