បន្ទាប់ពីយកឈ្នះ Nottingham Forest ៣-០ ក្នុងជំនួប Premier League អ្នកចាត់ការទូទៅលោក Mikel Artetaមើលឃើញពីភាពរឹងមាំរបស់ Arsenalនិងជឿជាក់ថារដូវកាល ២០២៥-២៦កូនក្រុមខ្លួនអាចប្រជែងទាំងក្រមខណ្ឌលីគ និងជើងឯកអឺរ៉ុប។
ក្រោមការដឹកនាំរបស់ Arteta ពីឆ្នាំ ២០១៩មក នៅក្នុង៣រដូវកាលចុងក្រោយ គេមើលឃើញថា Arsenal បានចាប់ផ្តើមបង្ហាញភាពខ្លាំងបន្តិចម្តងៗក្នុងការប្រជែងលីគកំពូលអង់គ្លេស បើទោះពួកគេធ្វើមិនបានល្អនៅចុងរដូវកាលក៏ដោយ។
ភាពលេចធ្លោសម្រាប់កាំភ្លើងធំ ហាក់បង្ហាញឱ្យឃើញជាថ្មីទៀតហើយនៅដើមរដូវកាល ២០២៥-២៦នេះ។ ៤ប្រកួតដំបូង Arsenal ឈ្នះ៣ និងចាញ់១ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទម្រង់លេងដ៏រឹងមាំតាំងពីតំបន់ការពារ ដល់ប្រយុទ្ធរបស់ក្រុមស្ថិតក្នុងក្រុងឡុងដ៏មួយនេះ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក្រុមកាំភ្លើងបានរុសរើកីឡាមួយចំនួនថែមទៀត ក្នុងនោះបានទិញចូលខ្សែប្រយុទ្ធ Viktor Gyokeres ខ្សែបម្រើ Noni Madueke និង Eberechi Eze និងខ្សែការពារ Cristthian Mosquera។ ក្នុងជំនួបលីគសប្តាហ៍ទី៤ ទាំង៤រូបនេះហើយ ដែលធ្វើឱ្យ Nottingham Forest ស្ទើរតែគ្មានបាល់លេង និងរបូតដល់ទៅ៣គ្រាប់ បើទោះ Arsenal អវត្តមាន Bukayo Saka, William Saliba, Declan Riceហើយប្រធានក្រុម Martin Odegaard ត្រូវបង្ខំចិត្តប្តូរចេញនៅពាក់កណ្តាលវគ្គទី១ដោយសាររបួស។ ៣គ្រាប់របស់កាំភ្លើងធំ សម្រេចបានដោយ Marin Zubimendi ២គ្រាប់ និង Gyokeres ១គ្រាប់។
៤ប្រកួតដំបូងនេះ បានធ្វើឱ្យលោក Arteta ពេញចិត្ត និងមើលឃើញពីភាពគ្មានចន្លោះរបស់ Arsenal ហើយលោកជឿជាក់កូនក្រុមអាចប្រជែងទាំង Premier League និង UEFA Champions League រដូវកាលនេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ៤៣ឆ្នាំប្រាប់អ្នកយកព័ត៌មានក្រោយចប់ប្រកួតថា៖«យើងបានដឹងពីស្តង់ដាររបស់ក្រុមផ្សេងៗទាំងក្នុងលីគ និងអឺរ៉ុប ប៉ុន្តែពេលនេះខ្ញុំសប្បាយចិត្តណាស់ ព្រោះយើងមានកម្រិតស្តង់ដាររបស់យើងដូចគ្នា។ កីឡាករ ត្រូវប្រកួតពី ៧០ ឬ ៧៤ ប្រកួតពេញមួយរដូវកាល ដូច្នេះរដូវកាលនេះកូនក្រុមខ្ញុំមានកម្លាំងគ្រប់គ្រាន់ហើយ»។
ក្រោយជ័យជម្នះនេះ Arsenal កើន៩ពិន្ទុ ឡើងឈរកំពូលតារាង EPLបណ្តោះអាសន្នជំនួស Livepool ដែលមាន៩ពិន្ទុដូចគ្នាតែទើបប្រកួត៣លើក។ Tottenha Hotspur ឡើងឈរលេខ២ មាន៩ពិន្ទុ ក្រោយបន្តឈ្នះ West Ham United ៣-០។
លទ្ធផលគូផ្សេងទៀត Chelsea ស្មើ Brentford ២-២, Crystal Palace ស្មើ Sunderlan ០-០, Fulham ឈ្នះ Leeds United ១-០, Newcastel ឈ្នះ Wolves ១-០, Everton ស្មើ Aston Villa ០-០ និង Bournemouth ឈ្នះ Brighton ២-១៕
ប្រភព៖ THMEYTHMEY