ស្ថិតិ​ថ្មី ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ៤​ប្រកួត​គ្មាន​ដៃ​គូ​ស៊ុតចូល

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​កំពុង​ធ្វើ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទាត់​កំពុល​កម្ពុជា រដូវ​កាល​ថ្មី បន្ទាប់​ពី​ឆ្លង​កាត់​ ៤ ប្រកួត​មិន​ទាន់​មាន​ក្រុម​ណា​ស៊ុត​ចូល​សោះ។

នៅ​សប្តាហ៍​ទី​៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បន្ត​រក្សាសំណាញ់​ទី​របស់​ខ្លួន​ស្អាត​ (Clean Sheet) តាម​រយៈ​ជ័យជម្នះ ២-០ លើ​ វិសាខា នៅ​កីឡដ្ឋាន​ព្រីនស៍ ថ្ងៃ​អាទិត្យ ទី​១៤ ខែ​សីហា ឆ្នាំ ២០២៥។ ២​គ្រាប់​រក​បាន​ដោយ​កីឡាករ​ខ្សែ​បម្រើ​ការពារ​កណ្តាល Odawara Takashi និង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwam Peprah។

នេះ​ជា​ជ័យជម្នះ​​សំណាញ់​ទីស្អាត លើក​ទី​៤ បន្ទាប់​ពី​ឈ្នះ ណាហ្គាវើលដ៍ទី​ ៣-០, អង្គរថាយហ្គឺរ ៣-០ និង បឹងកេត ៣-០។ ដូច្នេះ​មិន​ទាន់​មាន​ក្រុម​ណា​អាច​ស៊ុត​ចូល ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឡើយ ហើយ​ពួក​គេ​បាន​ស៊ុត​ចូល​ដៃ​ចំនួន ១១​គ្រាប់ រក​បាន ១២ពិន្ទុ​ពេញ ដើម្បី​បន្ត​ឈរ​លើ​កំពូល​តារាង​ដ៏​រឹង​មាំ។ នេះ​ជា​ស្ថិតិ​ថ្មី​ដែល​​ពួក​គេ​បាន​បង្កើត ហើយ​កន្លង​មក​ក៏​មិន​ធ្លាប់​មាន​ក្រុម​ណា​ធ្វើ​បាន​ដូច​ដែរ។

នៅ​ជា​មួយ​គ្នា​នេះ ក្រុម​កង​យោធពល​ខេមរភូមិន្ទ នៅ​តែ​មិន​ទាន់​ស្គាល់​បរាជ័យ បន្ទាប់​ពី​ស្មើ​ជា​មួយម្ចាស់​ផ្ទះ បឹងកេត ១-១ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ពួក​គេឈ្នះ១ និង​ស្មើ ៣ មាន៦​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​៤។

ចំណែក ភ្នំពេញ​ក្រោន ក៏មិន​ទាន់​បរាជ័យដែរ បន្ទាប់​ពី​ឆ្លង​កាត់ ៣ ប្រកួត គឺ ឈ្នះ ១ និ​ង​ស្មើ ២ រក​បាន​៥​ពិន្ទុ ឡើង​ទៅ​កាន់​លេខ ៥។ ការ​ប្រកួត​ចុង​ក្រោយ ពួក​គេ​លេង​នៅ​ទឹក​ដី​ឡាយហ្វ​ ព្រះ​សីហនុ ដែល​មាន​ស្មៅ​ខូច​ជោកជាំ​ខ្លាំង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top