អ្នកប្រដាល់គុនខ្មែរវ័យក្មេងដ៏មានទេពកោសល្យ កីឡាករ គោរមៈ ច័ន្ទរាជ្យ ទទួលបានឱកាសឡើងទៅប្រកួតនៅប្រទេស អង់គ្លេស ជាលើកដំបូង ក្នុងកម្មវិធី MTGP Sheffield នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។
ជារឿងដ៏ពិសេស សម្រាប់ គោរមៈ ច័ន្ទរាជ្យ ដែលទើបប្រឡងបាក់ឌុប សម្រាប់ការចេញទៅប្រកួតនៅតំបន់ អឺរ៉ុប លើកដំបូង ដើម្បីដណ្តើមខ្សែក្រវាត់អន្តរជាតិ MTGP ។ ជំនួបដណ្តើមខ្សែក្រវាត់នេះ កូនសិស្សរបស់លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ នឹងត្រូវជួបកីឡាករជើងចាស់របស់ អង់គ្លេស ឈ្មោះ George Carter។
ការប្រកួតនេះ ទំនងនឹងក្លាយជាការប្រកួតដ៏តានតឹងមួយសម្រាប់ គោរមៈ ច័ន្ទរាជ្យ ដោយសារកីឡាករ George Carter នេះមានតែមត្រង់ម្ចាស់ផ្ទះ ហើយម្យ៉ាងគេក៏ជាអ្នកប្រដាល់ជើងចាស់មួយរូបរបស់ អង់គ្លេស ផងដែរ។ យោងតាមប្រភពពី Derby Telegraph អ្នកប្រដាល់វ័យ ៣២ ឆ្នាំអង់គ្លេស រូបនេះ បានចូលហ្វឹកហាត់ប្រដាល់សេរីដំបូងតាំងពីឆ្នាំ ២០១២ ដែលពេលនោះ គេមានវ័យ ១៩ ឆ្នាំ។
George Carter ជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBC ៣ ខ្សែ ក្នុងនោះរួមមានខ្សែក្រវាត់ WBC ទ្វីបអឺរ៉ុប, WBC Nai Khanom Tom និង WBC ថ្នាក់ជាតិ។ ដោយឡែកស្ថិតិប្រកួត គឺកីឡាករ អង់គ្លេស រូបនេះ ធ្លាប់បានប្រកួតជាច្រើនប្រកួត ទាំងការប្រកួតលក្ខណៈអាជីព និងពាក់កណ្តាលអាជីព។
ពាក់ព័ន្ធនឹងការប្រកួតមុនឆ្នាំ ២០១៩ គឺមិនមានកំណត់ត្រាលម្អិតអំពីប្រវត្តិប្រកួតរបស់ George Carter ឡើយ ប៉ុន្តែរាប់ចាប់ពីឆ្នាំ ២០១៩ កីឡាករ អង់គ្លេស រូបនេះធ្លាប់បានប្រកួតអាជីពចំនួន ៦ ដង ក្នុងនោះឈ្នះ ៤ ដង និងចាញ់ ២ ដង។ ចំពោះការឈ្នះទាំង ៤ ដងនោះ គឺរូបគេបានផ្តួលឱ្យដៃគូសន្លប់ ២ ដង និងឈ្នះដោយពិន្ទុ ២ ដង។
ទៅបីជាយ៉ាងណា គោរមៈ ច័ន្ទរាជ្យ ក៏ជាកីឡាករជើងខ្លាំងជំនាន់ក្រោយរបស់ កម្ពុជា មួយរូបផងដែរ។ រូបគេជាម្ចាស់ខ្សែក្រវាត់ ៦ ខ្សែ ខណៈចុងក្រោយនេះ រូបគេទើបដណ្តើមបានខ្សែក្រវាត់ ISKA Southeast Asian Champion មួយខ្សែ និងខ្សែក្រវាត់គុនចម្រុះ GMA ពីវៀតណាមមួយខ្សែ។
គួរឱ្យដឹងថា គោរមៈ ច័ន្ទរាជ្យ នឹងត្រូវធ្វើដំណើទៅប្រកួតនៅក្នុងកម្មវិធី MTGP Sheffield នៅប្រទេស អង់គ្លេស នាថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ជាមួយមិត្តរួមសញ្ជាតិម្នាក់ទៀត គឺកីឡាករ សោម ពិសិដ្ឋ៕
ប្រភព៖ KAMPUCHEATHMEY