លោក Ruben Amorim បានរក្សាជំហមុតមាំមិនព្រមផ្លាស់ប្តូរទម្រង់ ៣-៤-៣ ក្នុងក្រុម Manchester United ពេលនេះ ទោះមានការទាមទារខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ប្រចាំអង់គ្លេស ក្រោយចាញ់ Manchester City ៣-០ ក្នុងជំនួប Premier League សប្តាហ៍ទី៤។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បញ្ជាក់ច្បាស់ថា បើចង់ប្តូរប្រព័ន្ធនេះ ទាល់តែដកលោកពីតំណែង បើក្លិបបាត់ទំនុកចិត្ត។
Man Utd រងបរាជ័យលើកទី៣ ប្រចាំរដូវកាលថ្មី ក្នុងនោះចាញ់លើកទី២ ក្នុងក្របខណ្ឌ Premier League និងធ្លាក់ចេញពី EFL Cup ទល់ក្រុមមកពីលីគកម្រិតទី៤ អង់គ្លេស Grimsby Town។ រីឯ Man City របស់លោក Pep Guardiola ដណ្តើមបាន ៣ពិន្ទុ ទល់នឹងក្រុមមកពីទីក្រុងតែមួយ ក្រោយចាញ់ការប្រកួត ២លើកជាប់ៗគ្នារួចមក។
ចាញ់ការប្រកួតធ្វើឱ្យបុរសព័រទុយហ្កាល់ បន្តកត់កំណត់ត្រាអាក្រក់ ក្នុងការដឹកនាំចំនួន ៣១ប្រកួត ឈ្នះតែ ៨ប្រកួត ប៉ុណ្ណោះ។ ចាប់តាំងពីចូលដឹកនាំក្រុម ជំនួសលោក Erik ten Hag បុរសវ័យ ៤០ឆ្នាំ បាននាំយកយុទ្ធសាស្ត្រ និងប្រព័ន្ធលេង ៣-៤-៣ ពីក្លិប Sporting CP ដ៏ជោគជ័យមកប្រើនៅក្លិបបិសាចក្រហម។
តែយ៉ាងណាប្រព័ន្ធលេងនេះពុំសូវបានផលខ្លាំងប៉ុន្មានឡើយ ខណៈអ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជាអតីតកីឡាករ Man Utd ទទូច លោក Amorim ផ្លាស់ប្តូរប្រព័ន្ធលេងថ្មី ដ្បិតប្រព័ន្ធលេងបច្ចុប្បន្នមានប្រសិទ្ធភាពតិចតួច។ Amorim នៅតែរក្សាជំហ និងអះអាងថា ក្លិបអាចដកលោកពីតំណែង បើចង់ប្តូរប្រព័ន្ធលេងថ្មី ឬបាត់ទំនុកចិត្តលើលោក។
«ខ្ញុំនឹងមិនផ្លាស់ប្តូរយុទ្ធសាស្ត្រខ្ញុំឡើយ ប្រសិនពួកគេចង់ប្តូរ នោះគឺត្រូវផ្លាស់ខ្ញុំចេញ។ ខ្ញុំនឹងលេងតាមរបៀបខ្ញុំរហូតខ្ញុំចង់ផ្លាស់ប្តូររឿងនេះ។ […] អ្នកគាំទ្របាត់ទំនុកចិត្តជារឿងធម្មតា ខ្ញុំយល់ តែខ្ញុំអ្នកទទួលទេថាក្លិបមិនរីកចម្រើនជាងមុន យើងធ្វើបានល្អខ្លាំង តែលទ្ធផលមិនបង្ហាញចេញមក។ សាររបស់ខ្ញុំនៅពេលនេះ គឺខ្ញុំនឹងធ្វើគ្រប់យ៉ាងទាំងអស់ សម្រាប់ក្លិបមួយនេះ ការចាកចេញមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំឡើយ ការងារនៅសល់ ខ្ញុំនឹងធ្វើឱ្យបានល្អ ខ្ញុំរងសម្ពាធរងគ្រោះជាអ្នកគាំទ្រទៅទៀត។»។ នេះបើតាមការអះអាងរបស់ បុរសវ័យ ៤០ឆ្នាំ ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
ចំណែក Bruno Fernandes ប្រធានក្រុមវិញ បានចេញមុខអះអាងដោយស្មោះត្រង់ថា ក្រុមធ្វើមិនបានល្អ ជាពិសេសតំបន់ខ្សែបម្រើ ពិបាកតទល់នឹងប្រព័ន្ធបម្រើក្រុម Man City ស្របពេលសមាជិកមានភាពខ្វះចន្លោះច្រើន បើទោះជាបានត្រៀមខ្លួនយ៉ាងល្អរួចក៏ដោយ។
ចប់ការប្រកួតនេះទៅ Man Utd នឹងត្រូវតទល់ក្រុម Chelsea ដែលជំនួបនឹងធ្វើឡើងក្នុងទឹកដី Old Trafford ថ្ងៃទី២០ កញ្ញា ស្របពេលកៅអីរបស់លោក Amorim កំពុងរង្គើ៕
ប្រភព៖ THMEYTHMEY