កៅអីរបស់គ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim កំពុងតែឡើងកម្តៅខ្លាំង បន្ទាប់ពីមួយរយៈចុងក្រោយនេះលោកដឹកនាំក្រុមពុំទទួលបានលទ្ធផលល្អ ខណៈរបាយការណ៍ចុងក្រោយ ក្លិបទុកពេលឱ្យ ៣ ប្រកួតទៀត ដើម្បីឱ្យលោករក្សាកៅអីរបស់ខ្លួននៅទឹកដី Old Trafford បន្តទៀត។
លោក Amorim កំពុងដឹកនាំ Man United ឱ្យធ្លាក់ចូលទៅក្នុងកំណត់ត្រាដ៏អាក្រក់បំផុតក្នុងរយៈពេល ៣៣ ឆ្នាំចុងក្រោយ សម្រាប់ការចាប់ផ្តើមការប្រកួតក្នុងក្របខណ្ឌ Premier League ដោយឆ្លងកាត់ ៤ ប្រកួត ឈ្នះ ១ ស្មើ ១ និងចាញ់ ២ មាន ៤ ពិន្ទុ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៤។
តាមរយៈស្ថិតិនេះ ធ្វើឱ្យកៅអីរបស់គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំហាក់មិនស្ថិតស្ថេរឡើយ។ យោងតាមការចុះផ្សាយដោយ The Mirror បានឱ្យដឹង ថា លោក Amorim នៅសល់ឱកាស ៣ ប្រកួតទៀត ដើម្បីរក្សាតំណែងរបស់លោកនៅ Man United។ ប្រការនេះមានន័យ ថា ប្រសិនបើ ៣ ប្រកួតនេះ លោកដឹកនាំក្រុមនៅមិនទទួលបានលទ្ធផលល្អទៀត នោះលោកទំនងជានឹងត្រូវ ក្លិបបញ្ចប់តំណែងហើយ។
ផ្អែកតាមប្រភពពី Sportbible បានបង្ហាញ ថា បច្ចុប្បន្នមានគ្រូបង្វឹកចំនួន ៥ នាក់ ដែលកំពុងក្លាយជាបេក្ខភាពធំបំផុត អាចមកដឹកនាំ Man United ជំនួសបុរសសញ្ជាតិ ព័រទុយហ្គាល់ នាពេលអនាគត ក្នុងនោះរួមមានអតីតគ្រូបង្វឹកជម្រើសជាតិ អង់គ្លេស លោក Gareth Southgate, គ្រូបង្វឹក Crystal Palace លោក Oliver Glasner, គ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola, គ្រូបង្វឹកក្រុម Fulham លោក Marco Silva និងអតីតគ្រូក្រុម Tottenham Hotspur និងជម្រើសជាតិ អាមេរិក លោក Mauricio Pochettino។
គួរឱ្យដឹងថា ការប្រកួត ៣ ប្រកួតចុងក្រោយ ដែលលោក Amorim ត្រូវដឹកនាំ Man United ក្នុងនោះមានការប្រកួតទល់នឹង Chelsea, Brentford និង Sunderland៕
ប្រភព៖ KAMPUCHRATHMEY