ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន សង្ឃឹម៥០ភាគរយ ក្នុងការដណ្តើមមេដាយពិភពលោកនៅរ៉ូម

ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន រួមទាំងក្រុមកីឡាករ-ការិនីជម្រើសជាតិកីឡាប៉េតង់កម្ពុជា នឹងត្រូវប្រកួតដណ្តើមជើងឯកកីឡាប៉េតង់ពិភពលោក World Pétanque Championships 2025 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

សហព័ន្ធកីឡាបូល និងប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៤រូប ក្នុងនោះនារី២រូប និងប្រតិភូ គ្រូបង្វឹក៦នាក់ផ្សេងទៀតទៅកាន់ការប្រកួតប៉េតង់កម្រិតពិភពលោក ឆ្នាំ ២០២៥ នៅអ៊ីតាលី។ កីឡាករពីររូបរួមមាន សុខ ចាន់មាន ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនីពីររូប មាន អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា។

កីឡាករ សុខ ចាន់មាន ដែលធ្លាប់ឈ្នះមេដាយមាសពិភពលោកនៅម៉ា​ដា​ហ្គា​ស្កា ឆ្នាំ២០១៦ មានជំនឿចិត្តត្រឹម៥០ភាគរយប៉ុណ្ណោះក្នុងការប្រជែងនៅអ៊ីតាលីឆ្នាំ ២០២៥ នេះ។ សង្ឃឹមត្រឹម៥០ភាគ ដោយសារចាន់មាន មើលឃើញថាមានអត្តពលិកល្បីៗលំដាប់ពិភពលោកចូលរួម បូករួមនឹងកត្តាអាកាសធាតុផង។

ពីប្រទេសអ៊ីតាលី ចាន់មាន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះថា៖«ការប្តេជ្ញារបស់ខ្ញុំគឺប្រឹងដណ្តើមមេដាយមាសជូនជាតិ ប៉ុន្តែក្តីសង្ឃឹមត្រឹម ៥០-៥០ប៉ុណ្ណោះ ព្រោះកម្រិតពិភពលោក មិនដូចកម្រិតអាស៊ីឡើយ»។ ដោយសារការធ្វើដំណើរឆ្ងាយ និងអាកាសធាតុត្រជាក់ផង ទើបម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេមរូបនេះដាក់ការជឿជាក់ត្រឹម៥០ភាគរយ។ 

ក្នុងព្រឹត្តិការណ៍ World Pétanque Championships 2025 នេះ កម្ពុជា ចូលរួមប្រជែង ៥វិញ្ញាសា ក្នុងនោះ វិញ្ញាសាទោលបុរស, ទោលនារី, គូបុរស, គូនារី និងគូបុរស-នារី។

– វិញ្ញាសា ទោលបុរស កម្ពុជា ជួប តួកគី

– វិញ្ញាសា ទោលនារី កម្ពុជា ជួប អូទ្រីស
– វិញ្ញាសាគូ បុរស កម្ពុជា ជួប ឆាយនីស តៃប៉ិ

– វិញ្ញាសាគូ នារី កម្ពុជា ជួប កោះប៉ាឡូ 

– វិញ្ញាសាគូ បុរស-នារី កម្ពុជា ជួប ឡេតូនី

ម្ចាស់ផ្ទះអ៊ីតាលី ដែលទទួលស្វាគមន៍ក្រុមពី៤៨ប្រទេសជុំវិញពិភពលោក នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី១៨ ខែកញ្ញា និងជាថ្ងៃបើកកម្មវិធីផងដែរ នៅវេលាម៉ោង ៤ និង១៥នាទី រសៀល [ម៉ោងនៅកម្ពុជា]៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top