ក្លឹបប្រដាល់ Cambodian Top Team មិនធម្មតាទេមានកេរ្តិ៍ឈ្មោះល្បីជាខ្លាំងនៅឯក្រៅស្រុក ខណៈពេលថ្មីៗនេះមានក្រុមការងារសង្វៀន GMA របស់ប្រទេសវៀតណាមបានមកដល់កម្ពុជាដើម្បីថត និងសម្ភាសយកទៅផ្សព្វផ្សាយទៀតផង។
បើតាមការឲ្យដឹងពីលោក ហ៊ុន ច័ន្ទរាជ្យ ថាប៉ុន្មានថ្ងៃនេះមានក្រុមការងារសង្វៀន GMA របស់ប្រទេសវៀតណាមបានមកដល់ក្លឹបនៅឯទួលទំពូង ខណ្ឌចំការមន នេះតែម្ដង។ ការមកដល់ក្លឹបផ្ទាល់នេះគឺដើម្បីថតពីសកម្មភាពហ្វឹកហាត់ ទិដ្ឋភាពផ្សេងៗក្នុងក្លឹប និងសម្ភាសដើម្បីយកទៅផ្សព្វផ្សាយពិសេសត្រៀមសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់នៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។
គ្រូបង្វឹករបស់ក្លឹប Cambodian Top Team ខាងលើបង្ហើបប្រាប់ទៀតថា កីឡាករឆ្នើមរបស់កម្ពុជា គោរមៈ ច័ន្ទរាជ្យ អាចនឹងប្រកួតដណ្ដើមខ្សែក្រវាត់ ១គ្រឿងទៀតនៅអំឡុងខែធ្នូខាងមុខនេះ។ ខ្សែក្រវាត់ទី២ នេះអាចនឹងអស្ចារ្យ និងរៀបចំធំជាងលើកមុខទៅទៀត។
បញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះក្រុមការងាររបស់សង្វៀន GMA (God Of Martial Arts) បានមកថតដល់ក្លឹប Cambodian Top Team។ សង្វៀន GMA ជាកម្មវិធីប្រដាល់គុនចម្រុះធំមួយនៅឯប្រទេសវៀតណាម និងកំពុងរៀបចំការប្រកួតធំៗជាច្រើនដែលទទួលបានប្រជាប្រិយភាពជាខ្លាំងពីប្រជាជនវៀតណាម និងបរទេសនៅទីនោះ៕
ប្រភព៖ KAMPUCHEATHMEY