កីឡាករ​ លន​ បញ្ញា​៖ Antion Martinez ប៉ះ​គ្នា​ម្ដង​ទៀត​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ ចិត្រា​

អ្នក​លេង​គុន​ខ្មែរ​ លន​ បញ្ញា​​ ថា​បើ​មាន​ការប្រកួត​គ្នា​ម្ដង​ទៀត​​កីឡាករ​អាមេរិក​ Antion Martinez រូប​នេះ​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ​ ចិត្រា​ នោះ​ទេ​ ព្រោះ​លើក​ទី១ ​ជា​ការ​ភ្លាត់​ស្នៀត​ និង​ប្រកួត​មិន​ទាន់​ចេញ​សមត្ថភាព​អស់នៅ​ឡើយ​ទេ​។​

កីឡាករ​ លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាញ់​របស់​រៀមច្បង​ ឡៅ​ ចិត្រា​ ជា​ការ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ ស្រប​ពេល​ម្នាក់ៗ​មិន​ទាន់​បញ្ចេញ​អស់​ពី​សមត្ថភាព​នោះ​ឡើយ។​ នៅ​ជំនួប​ដំបូង​នោះ​មើល​ឃើញ​ថា​ទឹកទី១​ ចិត្រា​ ដូច​ជា​ចាញ់​ពិន្ទុ​មែន​។ ប៉ុន្តែ​ចាប់​ផ្ដើមពី​​ពាក់​កណ្ដាល​ទឹក​ទី២​ ចិត្រា​ ក៏​ចាប់​ផ្ដើម​សង្គ្រប់​វាយ​វិញ​បណ្ដើរៗ​ហើយ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ការ​ប្រកួត​បញ្ចប់​ត្រឹម​ទឹក​ទី២​ លឿន​ពេក​ ដូច្នេះ​ Antion Martinez ក៏​មិន​ទាន់​ចេញ​អាវុធ​អស់​ផង​ដែរ​ ហេតុ​នេះ​ក៏​អាច​ថា​កីឡាករ​អាមេរិក​រូប​នេះ​ល្អ​ដល់​កម្រិត​ណា​នោះ​ឡើយ។​ ចំពោះ​ ឡៅ ចិត្រា​ គឺ​វាយ​មិន​ទាន់​អស់​ពី​សមត្ថភាព​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ភ្លាត់​ទើប​សន្លប់​លឿន​បែប​នេះ។​ គូ​នេះ​ប្រសិន​បើ​ប៉ះ​គ្នា​ម្ដង​ទៀត​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​នេះ​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ ចិត្រា​ ទៀត​ដែរ​។ ព្រោះការប្រកួតលើក​​ទី១ ​មិន​ទាន់​វាយ​អស់​ពី​សមត្ថភាព​ ខណៈ​មហាជន​ដឹង​គ្រប់​គ្នា​ពី​អាវុធ​បច្ចេកទេស​ដ៏​ល្អ​របស់​សិស្សគុន​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ។​

បញ្ជាក់​ដែរ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​ ឡៅ ចិត្រា​ បាន​ភ្លាត់​ស្នៀត​ត្រូវ​មួយ​ជើង​ស្ដាំ​របស់​កីឡាករ​អាមេរិក​ Antion Martinez សន្លប់​ក្នុង​ទឹក​ទី២​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ Land Of Peace​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្តសៀមរាប។​ ការ​សន្លប់​របស់​ ឡៅ ចិត្រា​ នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រដាល់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងក៏​ព្រោះ​តែ​កម្រ​ឃើញ​រូប​គេ​ចាញ់​សន្លប់​បែប​នេះជាច្រើន​ឆ្នាំ​មក​ហើយ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top