អ្នកលេងគុនខ្មែរ លន បញ្ញា ថាបើមានការប្រកួតគ្នាម្ដងទៀតកីឡាករអាមេរិក Antion Martinez រូបនេះមិនប្រាកដថាឈ្នះ ឡៅ ចិត្រា នោះទេ ព្រោះលើកទី១ ជាការភ្លាត់ស្នៀត និងប្រកួតមិនទាន់ចេញសមត្ថភាពអស់នៅឡើយទេ។
កីឡាករ លន បញ្ញា បានឲ្យដឹងថា ការចាញ់របស់រៀមច្បង ឡៅ ចិត្រា ជាការភ្លាត់ស្នៀតប៉ុណ្ណោះ ស្របពេលម្នាក់ៗមិនទាន់បញ្ចេញអស់ពីសមត្ថភាពនោះឡើយ។ នៅជំនួបដំបូងនោះមើលឃើញថាទឹកទី១ ចិត្រា ដូចជាចាញ់ពិន្ទុមែន។ ប៉ុន្តែចាប់ផ្ដើមពីពាក់កណ្ដាលទឹកទី២ ចិត្រា ក៏ចាប់ផ្ដើមសង្គ្រប់វាយវិញបណ្ដើរៗហើយ។
កូនសិស្សលោក ធន់ សុភា ខាងលើបន្ថែមទៀតថា ដោយសារការប្រកួតបញ្ចប់ត្រឹមទឹកទី២ លឿនពេក ដូច្នេះ Antion Martinez ក៏មិនទាន់ចេញអាវុធអស់ផងដែរ ហេតុនេះក៏អាចថាកីឡាករអាមេរិករូបនេះល្អដល់កម្រិតណានោះឡើយ។ ចំពោះ ឡៅ ចិត្រា គឺវាយមិនទាន់អស់ពីសមត្ថភាពនោះទេ ប៉ុន្តែដោយសារតែភ្លាត់ទើបសន្លប់លឿនបែបនេះ។ គូនេះប្រសិនបើប៉ះគ្នាម្ដងទៀតអ្នកប្រដាល់អាមេរិកខាងលើនេះមិនប្រាកដថាឈ្នះ ឡៅ ចិត្រា ទៀតដែរ។ ព្រោះការប្រកួតលើកទី១ មិនទាន់វាយអស់ពីសមត្ថភាព ខណៈមហាជនដឹងគ្រប់គ្នាពីអាវុធបច្ចេកទេសដ៏ល្អរបស់សិស្សគុនមកពីឆត្រយោង ៩១១ រូបនេះ។
បញ្ជាក់ដែរថា ជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្រា បានភ្លាត់ស្នៀតត្រូវមួយជើងស្ដាំរបស់កីឡាករអាមេរិក Antion Martinez សន្លប់ក្នុងទឹកទី២ នាជំនួបមិត្តភាពអន្តរជាតិ Land Of Peace កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។ ការសន្លប់របស់ ឡៅ ចិត្រា នេះបានធ្វើឲ្យមជ្ឈដ្ឋានប្រដាល់មានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះតែកម្រឃើញរូបគេចាញ់សន្លប់បែបនេះជាច្រើនឆ្នាំមកហើយ៕
ប្រភព៖ KAMPUCHEATHMEY