លោក Christopher បង្ហាញ​ ៥ ចំណុច​សំខាន់​​ពី​បាល់ទាត់​កម្ពុជា ​ក្នុង​វេទិកា​បាល់ទាត់​ពិភព​លោក

លោក Christopher Grant អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​​វាគ្មិន​ម្នាក់​​ក្នុងវេទិកា​បាល់ទាត់​ពិភព​លោក (World Football Summit) ឆ្នាំ ២០២៥ នៅ​ទី​ក្រុង​ហុងកុង កាល​ពី​សប្តាហ៍មុន​ ដែល​មាន​អ្នក​ជំនាញ​បាល់ទាត់ និង​វីរបុរស​បាល់ទាត់​ជា​ច្រើន​មក​ពី​ទូទាំង​ពិភព​លោកចូល​រួម។

ក្នុង​នាម​ជា​វាគ្មិន​ម្នាក់ ស្ថិត​នៅ​លើ​វេទិកា​ពោរពេញ​ដោយ​កិត្តិយស លោក Christopher Grant បាន​លើក​បង្ហាញ​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​ធ្វើ​ និង​កំពុង​ធ្វើ​​នា​ពេល​បច្ចុប្បន្ន។ ជា​ពិសេសសមិទ្ធផល​​​ទទួល​បាន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ចំណុច​សំខាន់​​ៗ​ដែល​លោក​បាន​បង្ហាញ​គឺ​​ទី១. ការអភិវឌ្ឍក្លិប ព្រះខ័នរាជស្វាយរៀង, ទី២ ការកសាងកីឡដ្ឋាន, ទី៣ ការបណ្តុះបណ្តាលថ្នាលយុវជនកម្រិតអាជីព, ទី៤ ជោគជ័យរបស់ក្លិបឈានដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​អន្តរជាតិ និង​ទី៥ សារ​សំខាន់​ដែល​បាន​ចូល​រួម​ជា​មួយ វេទិកា​បាល់ទាត់​ពិភព​លោក។

លោក​បាន​រៀប​រាប់​ថា ៖«ជា​វាគ្មិន​ម្នាក់ ខ្ញុំ​បាន​បង្ហាញ​ពី​ការរ​អភិវឌ្ឍ​របស់ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង ការ​កសាង​​កីឡដ្ឋាន ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ជោគជ័យ​ដែល​យើង​ទទួល​បាន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ AFC ហើយ​ផែន​ការ​យុទ្ធសាស្ត្រ​​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ជោគជ័យ​របស់​យើង»។

អ្នក​គ្រប់​គ្រង​ទូទៅ​បាន​បញ្ជាក់​ថា ៖«ការ​ចូល​រួម​ជា​មួយ​វេទិកា​បាល់ទាត់​ពិភព​លោក​នេះ ពិត​ជា​សំខាន់​ណាស់​។ យើង​​ទទួល​បាន​អ្វី​ថ្មី​ៗ​ពី​បាល់ទាត់​ទូទាំង​ពិភព​លោក ជា​ពិសេស​យើង​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​ស្គាល់ យល់​ពី​ក្លិប​របស់​យើង និង​ពី​បាល់ទាត់​កម្ពុជា»។

វេទិកាបាល់ទាត់​ពិភព​លោក World Football Summit ដែល​រៀបចំ​នៅ​ទី​ក្រុង​ហុងកុង​នេះ​មានអ្នក​ជំនាញ​បាល់ទាត់ និង​ថ្នាក់​ដឹកនាំ​ជា​ច្រើន​​មក​ពី​សហព័ន្ធ​​​​កម្រិត​តំបន់ និង​ពិភព​លោក ព្រម​ទាំង​តំណាង​ក្លិប​ជា​ច្រើន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top