អត្តពលិកមកពីរុស្ស៊ី និងបេឡារុស នឹងត្រឡប់ចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុង Milano Cortina ឆ្នាំ ២០២៦ ក្រោមរូបភាពអត្តពលិកអព្យាក្រឹត គ្មានទង់ជាតិតំណាងប្រទេស និងគ្មានភ្លេងជាតិក្នុងការប្រកួត។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
ស្ថាប័ន IOC បានព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ី តាំងខែតុលា ឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលរុស្ស៊ីវាយលុកលុយចូលប្រទេសអ៊ុយក្រែន បានជាង ១ឆ្នាំ។
«យើងធ្លាប់បាននិយាយអំពីស្ថាប័ន ឯករាជ្យភាព និងអត្តពលិកអព្យាក្រឹតភាព (AINs) ពេលកន្លងមក។ រឿងនេះមិនមែនជារឿងថ្មីឡើយ។ ក្រុមប្រឹក្សាប្រតិបត្តិ នឹងយកវិធីសាស្ត្រដូចគ្នាធ្លាប់ធ្វើនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស (Paris 2024) លើប្រទេសទាំងនោះ។ គ្មានអ្វីផ្លាស់ប្តូរនោះទេ។»។ នេះបើតាមសម្តីរបស់អ្នកស្រី Kirsty Coventry ប្រធាន IOC ថ្មី និយាយប្រាប់អ្នកកាសែត។
អត្តពលិករុស្ស៊ី និងបេឡារុស ដែលឈ្នះការប្រកួតជម្រុះតាមតំបន់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការ ស្វែងរកអំពីទំនាក់ទំនងជាមួយយោធារុស្ស៊ី ឬក៏មានគាំទ្រសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយបើសិនជារកឃើញមាននោះ ស្ថាប័ន IOC នឹងមិនអនុញ្ញាតឱ្យអត្តពលិកប្រទេសទាំង ២ នោះ ចូលរួមប្រកួតឡើយ ទោះក្នុងនាមជាអត្តពលិកអព្យាក្រឹតក៏ដោយ។
ចាប់តាំងពីរុស្ស៊ី បើកការវាយលុកចូលអ៊ុយក្រែន តាំងពីឆ្នាំ ២០២២ មក ស្ថាប័នកីឡាធំៗលើពិភពលោកបានហាមឃាត់ទៅកាន់ក្រុមរុស្ស៊ីមិនឱ្យចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។ បេឡារុសវិញ ជាប្រទេសផ្តល់ច្រកទ្វារឱ្យរុស្ស៊ីចូលវាយលុកអ៊ុយក្រែន ក៏ត្រូវបានហាមឃាត់អត្តពលិក ពីការប្រកួតអន្តរជាតិដូចគ្នា។
អំឡុងអូឡាំពិកប៉ារីស ឆ្នាំ ២០២៤ អត្តពលិករុស្ស៊ី និងបេឡេរុស តិចតួច បានចូលរួមប្រកួតក្រោមរូបភាពអត្តពលិកអព្យាក្រឹត ហើយបានឆ្លងកាត់ការត្រួតពិនិត្យតឹងរឹងពីសំណាក់ស្ថាប័ន IOC។ សម្រាប់អត្តពលិកប្រទេសទាំង ២ ដដែលក៏នៅតែត្រូវបានអ្នករៀបចំហាមឃាត់មិនឱ្យប្រើប្រាស់ទង់ជាតិ និងភ្លេងជាតិអំឡុងការប្រកួតដូចគ្នាដែរ។
គិតដល់ពេលនេះ អត្តពលិកជិះស្គីទឹកដីរុស្ស៊ី ៤នាក់ ក្នុងវិញ្ញាសាបុរស និងនារី ថ្មីនេះត្រូវបានអនុញ្ញាតដោយសហព័ន្ធស្កីអន្តរជាតិ ឱ្យពួកគេត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវកាលរងា គ្រោងធ្វើនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅប្រទេសអ៊ីតាលី តែចូលរួមក្នុងនាមអត្តពលិកអព្យាក្រឹត៕
ប្រភព៖ THMEYTHMEY