មនុស្សជាង ៤,៥លាននាក់ ភាគច្រើនមកពីអាម៉េរិកជាប្រទេសសហម្ចាស់ផ្ទះរៀបចំការប្រកួត World cup 2026 បានស្នើសុំទិញសំបុត្រ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ អំឡុងការបើកចាប់ឆ្នោតលក់លើកដំបូង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក្រោយពេលបិទការចាប់ឆ្នោតលក់សំបុត្រ ដោយកំណត់ចំណោះអ្នកមានទិដ្ឋការធ្វើដំណើរ (Visa) ទៅកាន់ទឹកអីអាម៉េរិក។
ប្រទេសម៉ិកស៊ិក និងកាណាដា ជាសហម្ចាស់ផ្ទះជាមួយនឹងអាម៉េរិក នឹងរៀបចំការប្រកួត ក៏មានមនុស្សច្រើនបានដាក់ពាក្យស្នើសុំទិញសំបុត្រផងដែរ តែ FIFA មិនបានបញ្ជាក់ចំនួនសរុបឡើយនៅប្រទេសទាំង ២ នេះ។
ការបើកលក់សំបុត្រលើកដំបូងសម្រាប់ព្រឹត្តិការណ៍ World Cup 2026 បានធ្វើឡើងចាប់ពីថ្ងៃទី៩-១៩ ខែកញ្ញា ហើយការប្រកាសអំពីអ្នកមានសិទ្ធិទិញសំបុត្របាន តាមលក្ខខណ្ឌទិដ្ឋាការ (Visa) អាចធ្វើដំណើរទៅអាម៉េរិកបាន នឹងធ្វើឡើងពីថ្ងៃទី២៩ កញ្ញា ដល់ ថ្ងៃទី១ តុលា។
បើតាមការកំណត់ត្រារបស់ FIFA មនុស្សម្នាក់អាចទិញបានសំបុត្រត្រឹមតែ ៤សន្លឹកប៉ុណ្ណោះក្នុងមួយប្រកួត ហើយមនុស្សម្នាក់ត្រូវបានកំណត់មិនឱ្យទិញសំបុត្រលើស ៤០សន្លឹកឡើយ នៅទូទាំងការប្រកួត World Cup 2026។
ការបើកឱ្យដាក់ពាក្យទិញសំបុត្រ World Cup 2026 លើកទី២ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៧ ខែតុលា ខាងមុខ ហើយការប្រកាសអំពីអ្នកអាចទិញសំបុត្របាន នឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា ដល់ដើមខែធ្នូ។ ចំណែកការបើកលក់សំបុត្រលើកទី៣ អាចនឹងបើកលក់ នៅដើមខែធ្នូ ពោលគឺនៅចំថ្ងៃដែល FIFA រៀបចំការចាប់ឆ្នោតចែកពូលក្រុមទាំង ៤៨ នឹងមានវត្តមានចូលរួមប្រកួតជុំចុងក្រោយ។
សម្រាប់តម្លៃសម្រាប់ព្រឹត្តិការណ៍ World Cup នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក នឹងចាប់ផ្តើមពីតម្លៃ ៦០ដុល្លារ ក្នុងវគ្គចែកពូល ហើយដែលតម្លៃនេះអាចកើនឡើងជាបន្តបន្ទាប់តាមវគ្គនីមួយ ខណៈវគ្គផ្តាច់ព្រ័ត្រអាចមានតម្លៃដល់ ៦ ៧៣០ដុល្លារ។ ការលក់សំបុត្រព្រឹត្តិការណ៍ World Cup 2026 មានរបៀបរបបនៃការលក់ ឡើងចុះទៅតាមតម្រូវការទីផ្សារ នេះមានន័យសំបុត្រការប្រកួតអាចនឹងមានតម្លៃខ្ពស់ខ្លាំង។
ដោយឡែកប្រទេសមានមនុស្សដាក់ពាក្យសុំទិញសំបុត្រការប្រកួត World Cup 2026 បន្ទាប់ពីប្រទេសម្ចាស់ផ្ទះ រួមមាន អាល្លឺម់ង់, អង់គ្លេស, ប្រេស៊ីល, អាហ្សង់ទីន, កូឡុំប៊ី, អេស្ប៉ាញ និងអ៊ីតាលី ជាប្រទេសមានពលរដ្ឋសុំទិញសំបុត្រច្រើន៕
ប្រភព៖ THMEYTHMEY