លោក Amorim ថាថ្នាក់ដឹកនាំក្លិបនៅតែគាំទ្រលោក សម្រាប់តំណែងនៅក្លិប Man Utd

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United បានចេញមុខអះអាងច្បាស់ៗថា លោកនៅតែទទួលការគាំទ្រពីសំណាក់សហម្ចាស់ក្លិប លោក Sir Jim Ratcliffe សម្រាប់តំណែងអ្នកចាត់ការក្រុម។ បុរសវ័យ ៤០ឆ្នាំ ក៏បានបដិសេធការលើកឡើងថាលោកកំពុងជួបបញ្ហាធំ ក្រោយពេលជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំក្លិបនៅទីលានហ្វឹកហាត់ Carrington។

អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ កំពុងត្រូវបានអ្នកគាំទ្រវិស័យបាល់ទាត់តាមដានខ្លាំង ចំពោះតំណែងនៅក្លិប Man Utd ដោយលោកដឹកនាំក្រុម ៤ប្រកួត រកបានជ័យជម្នះតែមួយប្រកួតប៉ុណ្ណោះ ហើយក្រុមធ្លាក់ចេញពីពានរង្វាន់ ​EFL Cup ថែមទៀត កាលពីដើមរដូវកាល។

ក្រោយឆ្លងកាត់ការប្រកួតទាំងនោះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានកំពុងគិតថា ម្ចាស់ក្លិបកំពុងតែរក្សាភាពអត់ធ្មត់ ស្របពេលត្រូវរង់ចាំមើលលទ្ធផល អំឡុងការប្រកួតទល់ក្រុម Chelsea ស្ថិតក្នុងកីឡដ្ឋាន Old Trafford។ ប្រព័ន្ធផ្សព្វផ្សាយខ្លះ ចុះផ្សាយថាលោក Amorim កំពុងជួបបញ្ហាធំ ក្រោយពេលថ្នាក់ដឹកនាំក្លិបបានកោះហៅលោកទៅជួបប្រជុំគ្នាក្នុងទីលានហ្វឹកហាត់ Carrington រួចមក។

នៅក្នុងសន្និសីទកាសែតមុនការប្រកួតទល់ក្រុម Chelsea លោក Amorim ក៏បានចេញមុខអះអាងថាលោកនៅតែទទួលបានការគាំទ្រ និងទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំក្លិប គ្មានបញ្ហាអ្វីធំដែលនឹងកើតឡើងលើខ្លួនលោកឡើយ។

«(លោក Ratcliffe) បានផ្តល់កិច្ចសន្យាថ្មីបន្ថែមទៀតសម្រាប់មកកាន់ខ្ញុំ។» លោក Amorim និយាយបែបលេងសើចទៅកាន់ក្រុមអ្នកកាសែត។  បន្ទាប់មកលោកក៏បកស្រាយចម្ងល់ត្រឡប់ទៅអ្នកកាសែតដូច្នេះថា៖«វាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ គឺពួកគេគ្រាន់តែមកបង្ហាញការគាំទ្រមកលើខ្ញុំ និងពន្យល់អំពីផែនការអភិវឌ្ឍក្រុមរយៈពេលវែង។ ការជជែកនោះហាក់បីធម្មតា គ្មានរឿងអ្វីឡើយ ហើយការជជែកជាមួយលោក Omar Berrada និងលោក Jason Wilcox នាយកផ្នែកបាល់ទាត់គឺដើម្បីមើលទិន្នន័យហ្វឹកហាត់របស់ក្រុម។»។ 

ដំណើរទស្សនកិច្ចរបស់សហម្ចាស់ក្លិបលោក Ratcliffe និងក្រុមការពារថ្នាក់ដឹកនាំក្លិប បានធ្វើឡើងក្រោយពេលក្រុមប្រកួតចាញ់ គូប្រជែងក្នុងទីក្រុងតែមួយ Manchester City លទ្ធផល ៣-០ រួចមក ស្របពេលក្រុមក៏កំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតតទល់នឹងក្រុម Chelsea ថ្ងៃទី២០ ខែកញ្ញា។

ដោយឡែកត្រៀមប៉ះ Chelsea អ្នកចាត់ការវ័យ ៤០​ឆ្នាំ អះអាងទៀតថាកីឡាករសំខាន់ៗរួមមាន ​Matheus Cunha និង Mason Mount នឹងអាចវិលត្រឡប់ចូលជួយក្រុមវិញ ក្រោយជាសះស្បើយពីបញ្ហារបួស។

គូសរំលឹកថាក្រោយឆ្លងកាត់ការប្រកួត ៤លើក នៅ Premier League ក្រុមបិសាចក្រហមឈរនៅចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាង ខណៈ Chelsea ឈរនៅលេខ ៥៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top