AFC បដិសេធសំណើរប្ដូរអាជ្ញាកណ្តាលរបស់ឥណ្ឌូណេស៊ី សម្រាប់វគ្គជម្រុះ World Cup 2026

សហព័ន្ធបាល់ទាត់អាស៊ី (AFC) អះអាងថាសំណើសុំប្តូរក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតពីសំណាក់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅមុនការប្រកួតទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត សម្រាប់វគ្គជម្រុះជុំទី៤ World Cup 2026 ទ្វីបអាស៊ី ត្រូវបានខ្លួនបដិសេធចោលទាំងស្រុង ទោះមានការទាមទារដល់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក្តី។

AFC បានសម្រេចតែងតាំងអាជ្ញាកណ្តាលកាត់ក្តីការប្រកួតរបស់ក្រុមឥណ្ឌូណេស៊ី ចំនួន ២ប្រកួត ដែលពួកគេត្រូវប្រកួតទល់នឹងក្រុមអូម៉ង់ និងអារ៉ាប៊ីសាអូឌីត។ 

ត្រៀមប៉ះអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៨ ខែតុលា អាជ្ញាកណ្តាលលោក Ahmed Al Ali មកពីគុយវែត នឹងក្លាយជាអ្នកកាត់ក្តីការប្រកួតក្នុងប្រកួតនោះ ខណៈជំនួយការអាជ្ញាកណ្តាលរួមមានលោក Abdul Al Anzi, Ahmed Abbas និង Ammar Ashknani ស្របពេលជំនួយការអាជ្ញាកណ្តាលវីដេអូ គ្រប់គ្រងដោយលោក Abdullah Jamali និងជំនួយការម្នាក់ទៀតឈ្មោះ Abdullah Al Kandari។

កន្លងមកសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានស្នើសុំឱ្យផ្លាស់ប្តូរអាជ្ញាកណ្តាលកាត់ក្តីការប្រកួត ដោយមិនឱ្យមានអាជ្ញាកណ្តាលមកពីតំបន់អាស៊ីខាងលិចចូលកាត់ក្តីនោះឡើយ ហើយក៏ស្របតាមការសន្យារបស់ AFC ពេលកន្លងមក។ ប្រធាន PSSI លោក Erick Thohir បាននិយាយប្រាប់កាសែត Antara ថាសហព័ន្ធបានផ្ញើលិខិតផ្លូវការទៅកាន់ FIFA និង AFC ស្នើសុំការតែងតាំងអាជ្ញាកណ្តាល តែចុងក្រោយកើតមានរឿងនោះដដែល។

«លោកអគ្គលេខាធិការសហព័ន្ធ បានផ្ញើលិខិតស្នើសុំផ្លូវការមួយទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ហើយខ្ញុំក៏ផ្ញើលិខិតមួយទៅកាន់ AFC ដើម្បីឱ្យផ្លាស់ប្តូរអាជ្ញាកណ្តាលការប្រកួត។ តែចុងក្រោយចេញមកវិញនោះ អាជ្ញាកណ្តាលមកពីគុយវែត ដែលជាប្រទេសស្ថិតក្នុងតំបន់តែមួយ (អាស៊ីខាងលិច)។»។ នេះបើតាមសម្តីរបស់លោក Thohir មេ PSSI។

ឥណ្ឌូណេស៊ី បារម្ភចំពោះរឿងរ៉ាវចម្រូងចម្រាស់ធ្លាប់កើតមាននៅការប្រកួតកន្លងមក ជាមួយអាជ្ញាកណ្តាលការប្រកួត ដែលធ្វើដំណើរមកពីប្រទេសប៉ែកខាងអាស៊ីភាគខាងលិច។ អំឡុងការប្រកួតវគ្គជម្រុះជុំទី៣ World Cup 2026 ទ្វីបអាស៊ី លោក Ahmed Akaf សញ្ជាតិអូម៉ង់ បានរងការរិះគន់សម្រាប់ការបន្ថែមម៉ោងការប្រកួតបង្គ្រប់ រហូតដល់ ១០នាទី អំឡុងវគ្គជម្រុះរវាងឥណ្ឌូណេស៊ី ទល់នឹងបារែន បើទោះការបន្ថែមម៉ោងផ្លូវការត្រឹមតែ ៦នាទី ក៏ដោយក្តី។

កាលនោះព្រោះតែការបន្ថែមម៉ោង ១០នាទីនោះ បានធ្វើឱ្យក្រុមបារែន មានឱកាសរកគ្រាប់បាល់តាមស្មើ ២-២ នៅចុងក្រោយ ធ្វើឱ្យឥណ្ឌូណេស៊ីខកចិត្តខ្លាំង និងរិះគន់ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមកពីអាស៊ីខាងលិច។ 

មេ PSSI កន្លងមកបានស្មើសុំអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតមានសញ្ជាតិអូស្ត្រាលី ជប៉ុន ចិន ឬក៏មកពីអឺរ៉ុបជាដើម ឱ្យមកកាត់ក្តីការប្រកួតរបស់ខ្លួន ក្នុងវគ្គជម្រុះ World Cup 2026 ជុំទី៤ ទ្វីបអាស៊ី។ 

គូសបញ្ជាក់ថា ក្រោយឥណ្ឌូណេស៊ីប៉ះអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៨ ខែតុលា រួច ក្រុមនឹងត្រូវបន្តទៅប្រកួតទល់នឹងក្រុមអ៊ីរ៉ាក់ ថ្ងៃទី១១ ខែតុលា។ AFC បានតែងតាំងក្រុមអាជ្ញាកណ្តាលជនជាតិចិន លោក Ma Ning ជាអាជ្ញាកណ្តាលសុក្រិត្យមួយរូប អមដោយជំនួយការលោក Zhou Fei, Zhang Shang និង Shen Yan Hu ស្របពេលជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) មានលោក Fu Ming និងជំនួយការម្នាក់ជនជាតិថៃ លោក Sivakorn Bo Adom៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top