ខ្សែការពារ Lucas Alves របស់ក្លិប Nam Dinh បានដាក់គោលដៅយកជ័យជម្នះតាមរយៈ Clean Sheet នៅពេលប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧:៣០នាទីយប់នេះ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship ឆ្នាំ ២០២៥។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត កីឡាករ Lucas Alves ជាខ្សែការពារសញ្ជាតិប្រេស៊ីល បាននិយាយថា ៖«យើងមិនមានពេលច្រើនក្នុងការរៀបចំខ្លួនទេ ពីព្រោះយើងមានការប្រកួតច្រើន តែយើងបានសិក្សាស្វែងយល់ពីព្រះខ័នរាជស្វាយរៀងយ៉ាងយកចិត្តទុកដាក់»។
កីឡាករបានបន្តថា ៖«ក្រុមទាំងមូលប្តេជ្ញារួមកម្លាំងចិត្តគ្នា ហើយធ្វើតាមផែនការរបស់គ្រូ។ គោលដៅរបស់យើងគឺឈ្នះការប្រកួត ហើយផ្តោតលើតំបន់ប្រយុទ្ធ។ ពិតណាស់ ការរក្សាសំណាញ់ស្អាត Clean Sheet គឺជារឿងសំខាន់ ប៉ុន្តែនិយាយជារួមគឺប្រយុទ្ធដើម្បីជ័យជម្នះ»។
នេះជាការប្រកួតលើកដំបូងរបស់ក្រុមជើងឯកលីគកំពូលវៀតណាម Nam Dinh ក្នុងព្រឹត្តិការណ៍ ASEAN Club Championship វគ្គសន្សំពិន្ទុក្នុងពូល B ប៉ុន្តែជាការប្រកួតលើកទី២សម្រាប់ ព្រះខ័នរាជស្វាយរៀង ដែលប្រកួតលើកទី១ បានឈ្នះ Shan United។
ក្រុម Nam Dinh មានកីឡាករបរទេស ១៣ នាក់គឺ អ្នកចាំទី Caique Santos សញ្ជាតិប្រេស៊ីល, ខ្សែការពារ Lucas Alves (ប្រេស៊ីល), Mitchelll Dijks (ហូឡង់), Walber (ប្រេស៊ីល) និង កីឡាករ Pham Ba (បារាំង)។ នៅតំបន់បម្រើវិញ កីឡាករ Caio Cesar (ប្រេស៊ីល), Njabulo Blom (អាហ្វ្រិកខាងត្បូង), Kristoffer Normann Hansen (ន័រវេស) និង កីឡា0ករ Romulo (ប្រេស៊ីល)។ នៅតំបន់ប្រយុទ្ធ ពួកគេមាន កីឡាករ Mahmoud Eid (ប៉ាឡេស្ទីន), Percy Tau (អាហ្វ្រិកខាងត្បូង), Brenner (ប្រេស៊ីល) និងកីឡាករ Kyle Hudlin (អង់គ្លេស)៕
ប្រភព៖ KAMPUCHEATHMEY