(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Federation International de Football Association (FIFA) បាននឹងកំពុងមានការពិចារណាបង្កើនក្រុមចាប់ពី ៤៨ក្រុមដែលទើបត្រូវបានកំណត់ចុងក្រោយនៅ World Cup 2026 ខាងមុនេះ ឱ្យឈានដល់ ៦៤ក្រុមនៅការប្រកួត World Cup 2030 ។
ការបង្ហាញអំពីពីការពិចារណាពង្រីកក្រុមឱ្យឈានដល់ ៦៤ក្រុមនេះ គឺស្របពេលវេលានៃប្រារពខួបលើកទី១០០ នៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ការណ៍នេះក៏បានឱ្យដឹងបន្ទាប់ពីមេដឹកនាំ FIFA បានជួបជាមួយប្រមុខរដ្ឋមកពីប្រទេសអ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ ក្នុងទីក្រុងញូវយ៉ក ក៏ដូចជាមេដឹកនាំមកពី CONMEBOL របស់អាមេរិកខាងត្បូង និងប្រធានសមាគមបាល់ទាត់អាហ្សង់ទីន។
សមាគមកីឡាបាល់ទាត់អ៊ុយរូហ្គាយ បានបង្ហាញគោលដៅនៃផែនការពង្រីកក្រុមដល់ចំនួន ៦៤ក្រុមនេះលើកដំបូង កាលខែមីនា បន្ទាប់ពីប្រទេសនេះជាទីតាំងដើមកំណើតការប្រកួត World Cup 1930 ។ ដ្បិតការលេង ៤៨ក្រុមនៅ World Cup 2026 គឺមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើសហម្ចាស់ផ្ទះ ។
ខណៈគោលការណ៍នេះ ក៏ស្ថិតក្នុងចំណោមកង្វល់ជាចម្បងច្រើន គឺថាការប្រកួតបាល់ទាត់ពិភពលោកនាពេលនោះ នឹងត្រូវធ្វើការប្រកួតចំនួនរហូតដល់ ១២៨ប្រកួត ដែលរឹតតែធ្វើឱ្យប្រតិទិនការប្រកួតបាល់ទាត់ជុំវិញពិភពលោកកាន់តែមមាញឹកសម្រាប់ក្របខណ្ឌលីគ និងកីឡាករ ។
ប្រសិនបើផែនការក្រុមចំនួន៦២ ត្រូវបានអនុម័តនោះ FIFA World Cup នឹងត្រូវបានរំពឹងថានឹងត្រលប់ទៅរកចំនួនក្រុម៤៨ វិញ នៅឆ្នាំ២០៣៤ ដ្បិតនេះ គឺស្ថិតក្នុងពិចារណា ហើយ FIFA ក៏មិនទាន់ធ្វើការសម្រេចចិត្តណាមួយលើការពង្រីកព្រឹត្តិការណ៍ឆ្នាំ២០៣០ ដល់ ៦៤ ក្រុមនៅឡើយទេ ។
សូមជម្រាបផងថា ការប្រកួតនឹងត្រូវរៀបចំរួមគ្នារវាងប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ នៅឆ្នាំ២០៣០ ខណៈដើម្បីជាកិត្តិយសដល់ខួប ១សតវត្សនៃ FIFA World Cup 1930 ការប្រកួតរៀបចំជាពិសេស ក្នុងការប្រារព្ធខួប ១សតវត្សនេះ នឹងត្រូវធ្វើឡើងនៅប្រទេសអ៊ុយរូហ្គាយ ដែលដើមកំណើតដំបូងនៃការប្រកួត ក៏ដូចជានឹងមានការប្រកួត អាហ្សង់ទីន និងប្រទេសប៉ារ៉ាហ្គាយ ផងដែរ ៕
ប្រភព៖ FRESHNEWS