ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ដោយលទ្ធផល ១-២ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ ASEAN Club Championship យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។
ចាប់ផ្តើមការប្រកួតវគ្គទី១ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អដោយគ្រប់គ្រងការប្រកួតច្រើន ប៉ុន្តែតំបន់ការពាររបស់ Nam Dinh ពិតជារឹងមាំល្អ ហើយពួកគេរកបាន ២ គ្រាប់នៅវគ្គទី១តាមរយៈបាល់លងចេញពីការប៉ះបង្គោលទីនៅនាទី ៣៦ និង ៤០។
នៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមសម្រុក ខណៈ Nam Dinh បានបង្ហាញគុណភាពការពារ និងវាយបកយ៉ាងល្អ។ នៅនាទី ៥៩ ខ្សែប្រយុទ្ធសញ្ជាតិប៉ាឡេស្ទីន Mahmoud Eid ទទួលបានកាតក្រហម ដែលផ្តល់ឲ្យ ព្រះខ័នរាជស្វាយរៀង ដាក់សម្ពាធកាន់តែខ្លាំង។ ទោះជាយ៉ាងណា ព្រះខ័នរាជស្វាយរៀង នៅតែពិបាកទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះណាស់ បើទោះជាព្យាយាមគ្រប់គ្រងបាល់ច្រើនក៏ដោយ។
រហូតដល់នាទីទី៨១ ទើបខ្សែប្រយុទ្ធ Patrick ស៊ុតក្រៅប្រអប់ចូលបាន១គ្រាប់តាមពីក្រោយ ១-២។ បន្តបន្ទាប់មកទៀតនៅតែមិនអាចទម្លាយខ្សែការពាររបស់គេបានឡើយ។ ទោះបីជាយ៉ាងណា បើគិតជារួម ព្រះខ័នរាជស្វាយរៀង មានឱកាសច្រើន គ្រប់គ្រងបាល់បានច្រើន និងស៊ុតជាច្រើនលើក ប៉ុន្តែហាក់ដូចគ្មានសំណាងសោះ។
ក្រោយចប់ការប្រកួត លោក Mattew McConkey គ្រូព្រះខ័នរាជស្វាយរៀង បានសរសើរចំពោះការបង្ហាញសមត្ថភាពរបស់កូនក្រុម។ គួរតែមានគ្រាប់បាល់ហោចណាស់ ៣ ទៅ ៤ គ្រាប់សម្រាប់ការប្រកួតនេះ។
លោកនិយាយថា ៖«យើងបានបង្ហាញសមត្ថភាពដ៏ល្អ។ យើងបានបង្កើតឱកាសច្រើន តែយើងធ្វើមិនបានល្អចុងបញ្ចប់។ នៅពាក់កណ្តាលវគ្គទី២ វាជាការប្រកួតដ៏លំបាកសម្រាប់ក្រុមទាំងពីរ។ នៅពេលពួកគេទទួលបានកាតក្រហម យើងចាប់ផ្តើមគ្រប់គ្រងការប្រកួត។ យើងកាន់ងាយស្រួល។ ខ្ញុំបានប្រាប់កីឡាករដែរ បើមិនអាចបង្កើតឱកាសទេ គឺមិនអាចរកគ្រាប់បាល់បានទេ។ លទ្ធផលនឹងមិនល្អនោះទេ ដូចជាគ្រាប់ទី១ និងគ្រាប់ទី២ របស់គេ វាជាការបង្កើត និងលងបាល់ចេញពីបង្គោលទី បែបនេះមិនល្អទេ»។
លោកគ្រូបន្តថា ៖«ត្រឡប់ទៅមើលការប្រកួតវិញ យើងពិតជាធ្វើបានល្អមែនទែន។ យើងបានបង្កើតឱកាសច្រើនក្នុងការរកគ្រាប់បាល់ ហោចណាស់យើងគួរតែស៊ុតចូល ៣គ្រាប់ ឬ ៤គ្រាប់ តែខ្សែការពាររបស់គេ ២ នាក់ធ្វើបានល្អខ្លាំង ជាពិសេសពួកគេតាមកៀប Kwame រហូត»៕
តារាងពិន្ទុពូល B បណ្តោះអាសន្ន
- Johor Darul Tazim មាន ៦ ពិន្ទុ (២ប្រកួត)
- Nam Dinh FC មាន ៣ ពិន្ទុ (១ប្រកួត)
- ព្រះខ័នរាជស្វាយរៀង មាន ៣ ពិន្ទុ (២ប្រកួត)
- Lion City Sailors មាន ៣ ពិន្ទុ (១ប្រកួត)
- Shan United FC មាន ០ ពិន្ទុ (១ប្រកួត)
- Bangkok United មាន ០ ពិន្ទុ (១ប្រកួត)
ប្រភព៖ KAMPUCHEATHMEY