បន្ទាប់ពីចូលរួមជាមួយក្លិប ហាណូយ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា គួន ម៉ុម ស្ថិតនៅក្នុងចំណោមកីឡាករលំដាប់កំពូល ៨រូប គួរឲ្យចាប់អារម្មណ៍ ក្នុងលីគបាល់ទះកំពូលវៀតណាម រដូវកាល ២០២៥។
គួន ម៉ុន ត្រូវបានក្លិប ហាណូយ បានចាប់អារម្មណ៍ខ្លាំងនៅពេលរូបគេ បង្ហាញសមត្ថភាពលេចធ្លោជាមួយ ក្រុមវិសាខា ក្នុងព្រឹត្តិការណ៍បាល់ទះប៉ូលិសអន្តរជាតិ កាលពីខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។ ក្រោយចប់ព្រឹត្តិការណ៍នោះភ្លាម ក្លិបក៏បានប្រកាសពីការនាំចូលកីឡាករជម្រើសជាតិកម្ពុជាតែម្តង ហើយកាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅកីឡាករកម្ពុជា ក៏បានធ្វើដំណើរទៅប្រទេសវៀតណាមរួចរាល់ដែរ។
មុនពេលលីគបាល់ទះវៀតណាម រដូវកាលថ្មីបានចាប់ផ្តើម សារព័ត៌មាននៅប្រទេសវៀតណាមបានលើកឡើងពីកីឡាករ ៨ រូប ប្រចាំក្លិបទាំង ៨ គួរឲ្យចាប់អារម្មណ៍បំផុត។ ក្នុងនោះមានស្មាត់សញ្ជាតិ ថៃ Jakkrit Thanomnoi របស់ក្រុម Biên Phòng MB។ ស្មាត់សញ្ជាតិ អាហ្សង់ទីន Federico Pereyra របស់ក្រុម Sanest Khánh Hòa។ ស្មាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី Rivan Nurmulki របស់ក្រុម Thể Công Tân Cảng។ ស្មាត់សញ្ជាតិ គុយបា Yaisel Puñales របស់ក្រុម LPBank Ninh Bình។
ចំណែក ៤ នាក់ទៀត រួមានស្មាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី Agil Anggara របស់ក្រុម Đà Nẵng។ ស្មាត់ជម្រើសជាតិ ថៃ Anurak Phanram របស់ក្រុម Tây Ninh។ ស្មាត់ធំក្រុមជម្រើសជាតិ កម្ពុជា កីឡាករ គួន ម៉ុម របស់ក្រុម Hà Nội និងអតីតស្មាត់ជម្រើសជាតិ ប៉ូឡូញ កីឡាករ Michal Kubiak របស់ក្រុម Công An TP. HCM។
គួរឱ្យដឹងថា នេះមិនមែនជាលើកទី ១ នោះទេ ដែលកីឡាករ គួន ម៉ុម បានទៅលេងនៅលីគរបស់ប្រទេស វៀតណាម។ កាលពីឆ្នាំ ២០២៤ កីឡាករវ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្ររូបនេះ ធ្លាប់បានទៅលេងនៅលីគ វៀតណាម ដែលពេលនោះបានទៅចូលរួមជាមួយក្រុម Lavie Long An៕
ប្រភព៖ KAMPUCHEATHMEY