កៅអីអ្នកចាត់ការរបស់លោក Ruben Amorim នៅក្លិប Manchester United កំពុងកើនឡើងកម្តៅ ស្របពេលលេចឮដំណឹងជាច្រើនថាថ្នាក់ដឹកនាំក្លិប កំពុងតែសម្លឹងមើលអ្នកចាត់ការថ្មី ដើម្បីជួយសង្គ្រោះស្ថានភាពក្លិបកំពុងជួបប្រទះ។ លោក Gareth Southgate, Zinedine Zidane និងលោក Xavi Hernandez ព្រមទាំងគ្រូបង្វឹកកំពុងលេខធ្លោរសមត្ថភាពនៅក្លិបមួយចំនួននៅ Premier League ជាបេក្ខភាពក្នុងការជំនួសលោក Amorim។
ការត្រួតពិនិត្យឡើងវិញផ្នែកគ្រប់គ្រងក្រុមបិសាចក្រហម នៅកីឡដ្ឋាន Old Trafford ផ្តើមកើតរឿងរ៉ាវស្មុកស្មាញជាថ្មី ស្របពេល លោក Amorim អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ប្រឈមមុខនឹងសម្ពាធខ្លាំងជាថ្មីក្រោយក្រុមប្រកួតចាញ់ Brentford លទ្ធផល ៣-១ ក្នុងជំនួប Premier League កាលពីសប្តាហ៍មុន។ ទោះចាញ់តែប្រព័ន្ធចុះផ្សាយអង់គ្លេសមួយចំនួននៅតែនិយាយថា សហម្ចាស់ក្លិបបិសាចក្រហមលោក Sir Jim Ratcliff នៅតែផ្តល់ការទុកចិត្តដល់បុរសវ័យ ៤០ឆ្នាំ។
ចំណែកប្រព័ន្ធផ្សព្វផ្សាយដទៃ រាយការណ៍ថាថ្នាក់ដឹកនាំក្រុមកំពុងតែចំរាញ់រកអនាគតអ្នកចាត់ការក្រុមថ្មី ដើម្បីជំនួសតំណែងលោក Amorim បើការដឹកនាំនៅប៉ុន្មានប្រកួតខាងមុខ នៅតែទទួលបានលទ្ធផលមិនសមប្រកប។ ចំណោមបញ្ជីបេក្ខភាពថ្នាក់ដឹកនាំក្លិប Man Utd កំពុងពិនិត្យមើល ក៏មានលោក Gareth Southgate អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសមួយរូបផងដែរ។
ជាធម្មតាទៅហើយ លោក Southgate តែងត្រូវបានគេលើកមកនិយាយភ្ជាប់ទៅនឹងតំណែងនៅក្លិប Man Utd តាំងពីលោកនៅជាអ្នកដឹកនាំក្រុមអង់គ្លេសម្ល៉េះ ហើយជាង ៣ ឬ ៤ រដូវកាលរួចហើយ ដែលបុរសអង់គ្លេសតែងមានឈ្មោះទៅនឹងចចាមអារ៉ាមតំណែងនៅក្លិប Man Utd។ ស្របពេលគ្នានេះឈ្មោះលោក Zidane វីរបុរសបាល់ទាត់បារាំង និងអតីតអ្នកចាត់ការ Real Madrid ក៏ត្រូវគេលើកមកនិយាយជាថ្មី ថាជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់ជំនួសលោក Ruben Amorim។
ការលើកឈ្មោះរបស់ Zidane គឺកើតមានតាំងតែពីជំនាន់ដឹកនាំរបស់លោក Erik ten Hag មកម្ល៉េះ មុនពេលក្លិបបានប្រកាសអំពីការមកដល់របស់បុរសសញ្ជាតិព័រទុយហ្កាល សម្រាប់តំណែងអ្នកចាត់ការ។
មិនខុសពីរដូវកាលមុនឡើយ អតីតគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ក៏មានចចាមអារ៉ាមថាលោកក៏ជាបេក្ខភាពមួយរូប ក្នុងការមកជួយសង្គ្រោះក្រុមបិសាចក្រហមម្នាក់ផងដែរ។ អំឡុងពេលក្លិប Man Utd ដេញលោក Ten Hag ពីតំណែង បុរសសញ្ជាតិអេស្ប៉ាញ ត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថាត្រូវបានក្លិបជើងលីគកំពូលអង់គ្លេស ២០សម័យ ទាក់ទងទៅ និងបានបង្ហាញការចាប់អារម្មណ៍លើ ដើម្បីតំណែងគ្រូបង្វឹក តែចុងក្រោយបែរជាលោក Amorim ត្រូវបានក្លិបទាក់ទងពិតប្រាកដវិញ។
បើតាការចុះផ្សាយរបស់កាសែត Manchester Event News ក្រៅពីគ្រូបង្វឹកល្បីៗឈ្មោះទាំង ៣ ដែលបច្ចុប្បន្នគ្មានការងារធ្វើក្នុងអាជីពដឹកនាំក្រុមបាល់ទាត់ គ្រូបង្វឹកក្នុងលីគកំពូល Premier League ដែលកំពុងបង្ហាញភាពលេចធ្លោរដឹកនាំក្រុមរៀងៗខ្លួនបានល្អ ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលើកយកមកនិយាយ។ លោក Oliver Glasner អ្នកចាត់ការ Crystal Palace បានជួយក្រុមឈ្នះ FA Cup និង Community Shield ហើយទើបផ្តួល Liverpool ក៏ជាមនុស្សម្នាក់ត្រូវបានគេនិយាយថាស្ថិតក្នុងបញ្ជីបេក្ខភាព។
គ្រូបង្វឹកក្រុម AFC Bournemouth លោក Andoni Iraola កំពុងជួយក្រុមធ្វើបានល្អខ្លាំងនៅដើមរដូវកាលថ្មី ក៏ត្រូវបានគេចុចឈ្មោះថាជាបេក្ខភាពមួយរូប។ ចំណែកកាសែត The Sun ក៏បានលើកពីឈ្មោះលោក Fabian Hurzeler គ្រូបង្វឹកក្រុម Brighton & Hove Albion។
បច្ចុប្បន្នលោក Amorim នៅតែបន្តដឹកនាំក្រុម Man Utd ហើយអតីតអ្នកចាត់ការក្រុម Sporting CP តែងតែអះអាងថាលោក មិនខ្វល់ពីអនាគតលោកក្នុងក្រុមឡើយ ហើយលោកក៏មិនចុះចាញ់ក្នុងការដឹកនាំក្រុមផងដែរ ទោះបីជាដើមរដូវកាលក្រុមធ្វើមិនសូវបានល្អ។ កន្លងមក អ្នកគាំទ្រ អ្នកវិភាគ តែងទទូចឱ្យបុរសវ័យ ៤០ឆ្នាំ ផ្លាស់ប្តូរប្រព័ន្ធលេង ក្រោយពីការនាំយកប្រព័ន្ធលេងពីព័រទុយហ្កាល់មកអង់គ្លេស ប្រើគ្មានប្រសិទ្ធិភាព តែលោក Amorim ថាបើចង់ប្តូរប្រព័ន្ធលេងទាល់តែប្តូរលោកចេញពីតំណែងដូចគ្នា។
បើតាមការចុះផ្សាយរបស់កាសែត Daily Mail បើក្លិបបិសាចក្រហមសម្រេចដេញលោក Amorim ចេញពីតំណែង នោះក្លិបនឹងត្រូវបង់ប្រាក់ប្រមាណជាង ១៦លានដុល្លារ៕
ប្រភព៖ THMEYTHMEY



