កម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកដំបូង បើកឱ្យកុមារអាយុ ១ ឆ្នាំចូលប្រកួត

នាព្រឹកថ្ងៃ អង្គារ៍ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី​ការរៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡាកុមារអូឡាំពិកជាលើកដំបូង ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦។

នៅក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង គឺស្របទៅតាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីជម្រុញឱ្យយល់ដឹងពីគុណតម្លៃអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍ពីការលេងកីឡាទៅដល់កុមារ។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ពីគោលបំណងធំ ៤ អំពីការរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះឡើង ដោយទី ១ ដើម្បីបណ្តុះពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកដល់កុមារ ពោលគឺចាប់ពីកុមារភាពតទៅ ដើម្បីឱ្យពួកគេបានស្វែងយល់ពីកីឡា និងចាប់ក្តីស្រមៃចំពោះកីឡាដែលពួកគេស្រឡាញ់ ហើយអាចក្លាយជាកីឡាករតំណាងជាតិនាពេលអនាគត។ គោលបំណងទី ២ ជំរុញឱ្យកុមារស្គាល់ពីការប្រកួតប្រជែង។

គោលបំណងទី ៣ គឺប្រមែប្រមូល និងផ្តល់ឱកាសឱ្យកុមារចន្លោះពីអាយុ ១ ឆ្នាំដល់ ៧ ឆ្នាំ បានចូលរួមលេងកីឡា និងផ្តល់ឱកាសឱ្យអាណាព្យាបាលបានយល់អំពីអត្ថប្រយោជន៍នៃការលេងកីឡា។ គោលបំណងទី ៤ គឺការផ្សារភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ដោយថវិកា​ដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងយកទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារជាតិ និងជួយដល់កុមារ តាមរយៈការជួយសម្ភារៈកីឡាទៅសាលារៀនផ្សេងៗនៅតំបន់ដាច់ស្រយាល។

បច្ចុប្បន្នមានអ្នកចាប់អារម្មណ៍ខ្ទង់រាប់​ពាន់នាក់ ប៉ុន្តែជាលើកដំបូងនេះ គឺបើកទទួលចុះឈ្មោះត្រឹម ៥៥៥ នាក់ប៉ុណ្ណោះ ដោយការចុះឈ្មោះចាប់ផ្តើមបើកពីម៉ោង ១២ យប់រំលងអាធ្រាត្រ ថ្ងៃ​អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ០១ ខែ តុលា ឆ្នាំ ២០២៥ តទៅ។

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក គឺអនុញ្ញាតឱ្យកុមារចូលរួមប្រកួតចន្លោះពីអាយុ ១ ឆ្នាំ ដល់ ៧ ឆ្នាំ ដែលការប្រកួតនឹងធ្វើឡើងនៅផ្សារទំនើបអុីអនមានជ័យ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦។ ចំពោះការប្រកួតវិញ គឺមាន ១០ ប្រភេទកីឡា ហើយអ្នកឈ្នះនឹងទទួលបានពានរង្វាន់ មេដាយ និងវញ្ញាបនបត្រផងដែរ។

ខាងក្រោមនេះ ជាលីងចុះឈ្មោះចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក៖ https://olympiccambodia.com/

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top