ទាំង Barcelona និង Paris Saint-Germain សុទ្ធតែមានក្តីព្រួយបារម្ភ ចំពោះបញ្ហាកីឡាករសំខាន់របួសដូចគ្នា មុនការប្រកួតរវាងក្រុមទាំង ២ ក្នុងពាន Champions League ក្នុងវគ្គសន្សំពិន្ទុ League Phase នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥ ឆាប់ៗនេះ។
ក្លិប Barcelona បានបញ្ជាក់ជាផ្លូវការហើយ ថា ពួកគេនឹងអវត្តមានកីឡាករសំខាន់ ៥ នាក់ ទល់នឹង PSG ដោយសារបញ្ហារបួស ក្នុងនោះមានអ្នកចាំទី Joan Garcia, Marc-Andre ter Stegen, Gavi, Fermin Lopez និង Raphinha។
តាមការបញ្ជាក់របស់ក្លិប កីឡាករទាំង ៥ នាក់នេះ ក៏នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតរយៈពេលវែងបន្តបន្ទាប់ទៀតផងដែរ។ ផ្ទុយនឹងដំណឹងមិនល្អទាំងនេះ ពួកគេក៏មានដំណឹងល្អមួយវិញដែរ ដោយខ្សែការពារស្លាបឆ្វេង Alejandro Balde អាចនឹងត្រឡប់មកវិញនៅក្នុងការប្រកួតដ៏សំខាន់នេះ បន្ទាប់ពីរូបគេអវត្តមានប៉ុន្មានប្រកួតកន្លងមក។
ងាកមកកាន់ PSG វិញ ក៏កំពុងមានក្តីព្រួយបារម្ភជាង Barcelona ទៅទៀត ដោយបច្ចុប្បន្នមានកីឡាករសំខាន់ៗដល់ទៅ ៧ នាក់ កំពុងរងរបួស។ តាមរយៈព័ត៌មានច្បាស់ការ គឺពួកគេមានកីឡាករ ៣ នាក់ត្រូវអវត្តមាន ក្នុងនោះមានម្ចាស់ពាន Ballon d’Or ២០២៥ Ousmane Dembele, Marquinhos និង Desire Doue។
ដោយឡែកថ្មីៗនេះ មានកីឡាករ ៤ នាក់បន្ថែមទៀត ដែលកំពុងមានរបួសផងដែរ ក្នុងនោះមាន Khvicha Kvaratskhelia, Fabian Ruiz, Vitinha និង Joao Neves។ ទោះបីជាយ៉ាងណា កីឡាករទាំង ៤ នាក់មានបញ្ហារបួសមិនធ្ងន់ធ្ងរនោះទេ ហើយស្ថានភាពរបស់ពួកគេកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ដូច្នេះព័ត៌មានច្បាស់ការ ថា ពួកគេមានវត្តមាន ឬ អវត្តមាន នឹងដឹងនៅពេលក្លិបប្រកាសបញ្ជីឈ្មោះកីឡាករផ្លូវការ៕
ប្រភព៖ KAMPUCHEATHMEY



