រុស្ស៊ី និងបេឡារុស បានសិទ្ធិជាសមាជិកគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិពេញលេញឡើងវិញ ក្រោយការពិន័យបានលុបចោល

ប្រទេសរុស្ស៊ី និងបេឡារុស ទទួលបានសិទ្ធិជាសមាជិកពេញលេញក្នុងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ត្រឡប់មកវិញ ក្រោយពេលសមាជិកនៃអង្គការកីឡាប៉ារ៉ាឡាំពិកបាននាំគ្នាបោះឆ្នោត លុបចោលការព្យួរនិងការពិន័យផ្សេងៗលើប្រទេសទាំង ២ នេះ អំឡុងកិច្ចប្រជុំមហាសន្និបាត IPC ក្នុងទីក្រុងសេអ៊ូល។

ដើមឡើយប្រទេសទាំង ២ ត្រូវបានហាមឃាត់មិនឱ្យបញ្ជូនអត្តពលិកមានពិការភាពរបស់ខ្លួនឱ្យចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិក ចាប់តាំងពីឆ្នាំ ២០២២ ក្រោយពេលរុស្ស៊ីបានវាយលុកចូលប្រទេសអ៊ុយក្រែន ហើយបេឡារុសជាអ្នកបើកច្រកមួយសម្រាប់រុស្ស៊ី ក្នុងការវាយប្រហារនោះ។ 

កាលពីឆ្នាំ ២០២៤ នៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងប៉ារីស សមាជិក IPC បានបោះឆ្នោតលើកលែងឱ្យប្រទេសទាំង ២ ចូលប្រកួតវិញ តែអត្តពលិកត្រូវស្ថិតក្រោមឈ្មោះជាអត្តពលិកអព្យាក្រិត្យ ដោយមិនអនុញ្ញាតឱ្យប្រើភ្លេងជាតិ ទង់តំណាងជាតិក្នុងការប្រកួតឡើយ។ 

យ៉ាងណាមិញមកដល់ពេលនេះ សមាជិក IPC ក៏បានបោះឆ្នោតផ្តល់សិទ្ធិពេញលេញត្រឡប់ទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ឡើងវិញ។

«សមាជិកនៃអង្គការ IPC បានបោះឆ្នោត ដើម្បីលើកការព្យួរនានា ទៅលើគណៈកម្មាធិការប៉ារ៉ាឡាំពិករបស់ប្រទេសរុស្ស៊ី និងបេឡារុស។ IPC ក៏នឹងធ្វើការងារជាមួយសមាជិកទាំង ២  ដើម្បីរៀបចំការអនុវត្តជាក់ស្តែងសម្រាប់ការផ្តល់សិទ្ធិឡើងវិញនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ IPC កាលពីថ្ងៃទី២៧ ខែកញ្ញា។

គណៈកម្មាធិការប៉ារ៉ាឡាំពិករុស្ស៊ី (RPC) បានស្វាគមន៍និងសាទរចំពោះការសម្រេចជាថ្មីរបស់ ​IPC ដែលលើកការព្យួរ ហើយផ្តល់សិទ្ធិដល់ពួកគេឡើងវិញ។ ការបោះឆ្នោតពីសំណាក់សមាជិក IPC លើការលើកលែងលើរុស្ស៊ី មានចំនួន ១១១សំឡេង ទល់នឹង ៥៥សំឡេង និង ១១សំឡេងអនុបវាទ។ ចំណែកបេឡារុសត្រូវបានសមាជិកបោះឆ្នោតគាំទ្រការលើកលែង ចំនួន ១១៩សំឡេង ទល់មិនគាំទ្រ ៤៨សំឡេង និង ៩សំឡេង អនុបវាទ។ ​

ទោះបីជា IPC បានផ្តល់សិទ្ធិពេញលេញត្រឡប់ទៅកាន់ប្រទេសទាំង ២ វិញក៏ដោយ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅមិនទាន់មានការសម្រេចចិត្តណាមួយដើម្បីលុបចោលការដាក់ទណ្ឌកម្ម ឬការពិន័យលើប្រទេសទាំង ២ នេះឡើយ។ អត្តពលិករុស្ស៊ី និងបេឡារុស នៅតែតម្រូវឱ្យចូលរួមប្រកួតស្ថិតក្រោមឈ្មោះអត្តពលិកអព្យាក្រិត្យនៅកីឡាអូឡាំពិក ហើយត្រូវបំពេញតាមលក្ខខណ្ឌ មិនពាក់ព័ន្ធ ឬគាំទ្រលើការវាយលុកចូលប្រទេសអ៊ុយក្រែនពីសំណាក់រុស្ស៊ីឡើយ។ 

នៅការប្រកួតរបស់ IOC អត្តពលិករុស្ស៊ី និងបេឡារុស មានចំនួនតិចតួចចូលប្រកួត ដោយមិនអនុញ្ញាតឱ្យប្រើភ្លេងជាតិ ឬទង់ជាតិតំណាងប្រទេសពួកគេឡើយ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top