ក្លិប Barcelona កំណត់គោលដៅយក​ខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់ មកជំនួស Lewandowski

ក្លិបអ្នកមានបុណ្យ FC Barcelona បានកំណត់គោលដៅលើខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Julian Alvarez ជាគោលដៅផ្ទេរដ៏ធំនៅរដូវកាលក្តៅខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Diario Sport។

ក្លិប​អ្នក​មានបុណ្យ Barcelona ហាក់បង្កើនការចាប់អារម្មណ៍​ខ្លាំងលើ​កីឡាករ​ Julian Alvarez នៅរដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពលេចធ្លោ ដោយការលេង ៧ ប្រកួត​ដើម​រដូវកាល ២០២៥-២០២៦ រូបគេរកបាន ៦ គ្រាប់។

ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២៥ ឆ្នាំ ត្រូវបានគេមើលឃើញ ថា ជាបេក្ខភាពដ៏សក្តិសមបំផុត ដើម្បីមកជំនួសខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski ក្នុងរយៈពេលវែង ដែលត្រូវបានគេរំពឹង នឹងចាកចេញពីក្លិបក្នុងតំបន់ កាតាឡាន់ នៅចុងបញ្ចប់រដូវកាលនេះ។

គួរឱ្យដឹងថា Alvarez គឺនៅសល់កិច្ចសន្យា ជាមួយក្លិប At Madrid រយៈពេលវែងទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០៣០។ ប្រសិនបើ Barcelona ពិតជាធ្វើការចរចា ដើម្បីចុះកិច្ចសន្យាយកខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះនៅរដូវកាលក្រោយពិតមែន នោះត្រូវបានគេមើលឃើញ ថា នឹងក្លាយជារឿងដ៏ស្មុគស្មាញ។

ទោះបីជាយ៉ាងណា Barcelona នៅតែកំណត់មុខសញ្ញាលើ Alvarez ជាគោលដៅផ្ទេរធំបំផុតសម្រាប់ពួកគេ ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធក្នុងរយៈពេលវែង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top