លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប Shenzhen Peng City របស់លីគកំពូលចិនចែកផ្លូវគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីលោកបានទៅដឹកនាំនៅទៅនោះជិត ៣ ខែ។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ពីររដូវកាលដ៏ជោគជ័យដោយឈ្នះជើងឯកលីគកំពូលកម្ពុជា ពីរ លើក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ លើក ពានរង្វាន់ខេមបូឌានស៊ុបភើខាប់ ១ លើក និងជើងឯករងពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League មុនចាកចេញទៅដឹកនាំក្លិបនៅលីគកំពូលចិន។
ទោះបីជាយ៉ាងណា លោក Pep Muñoz បានចូលទៅដឹកនាំក្លិប Shenzhen Peng City នៅពាក់កណ្តាលរដូវកាល ស្របពេលក្លិបមិនទាន់មានភាពរឹងមាំស្រាប់ផង។ សម្រាប់ការដឹកនាំនៅទីនោះប្រមាណ ១០ ប្រកួត ទទួលបានជ័យជម្នះតែ ២ ប្រកួតប៉ុណ្ណោះ ដោយស្ថិតនៅលេខ ១៣ មានគម្លាតពិន្ទុពីតំបន់កាត់ចេញតែ ២ ពិន្ទុប៉ុណ្ណោះ។
បន្ទាប់ពីចែកគ្នាផ្លូវការ លោកបានប្រាប់«កម្ពុជាថ្មីថា»ថា ៖«វាជាបទពិសោធដ៏លំបាកនៅប្រទេសចិន ប៉ុន្តែខ្ញុំតែងតែស្ថិតនៅក្នុងផ្លូវវិជ្ជមានរហូត ពីព្រោះបាល់ទាត់គឺបែបនេះ។ ឥឡូវនេះ ខ្ញុំទៅប្រទេសអេស្ប៉ាញវិញដើម្បីជួបជុំក្រុមគ្រួសារ»។
លោក Pep Muñoz បានបញ្ជាក់ថា ៖«ចំពោះការងារបន្ទាប់ ខ្ញុំបើកចំហរសម្រាប់ការងារថ្មី»៕
ប្រភព៖ KAMPUCHEATHMEY



