អតីតអ្នកប្រដាល់គុនចម្រុះ (MMA) ស៊ឹម ប៊ុនស្រ៊ន់ ចាប់ផ្ដើមប្រឡូក និងមានសកម្មភាពឡើងវិញហើយក្នុងវិស័យប្រដាល់នេះតាមរយៈការបង្កើតក្លឹបថ្មី និងការហ្វឹកហាត់ត្រៀមឡើងប្រកួតជាដើម។
ស៊ឹម ប៊ុនស្រ៊ន់ បានឲ្យដឹងថា នៅពេលនេះរូបគេកំពុងដំណើរការបង្កើតក្លឹបប្រដាល់ថ្មីមួយដែលមានឈ្មោះថា «ក្លឹបប្រដាល់កសិកម្មរាមាគុនខ្មែរ» ដែលមានទីតាំងនៅជាប់ផ្លូវវាងស្គន់ ខេត្តកំពង់ចាម ដែលជាកន្លែងលក់កាហ្វេសបច្ចុប្បន្ននេះ។
អតីតអ្នកប្រដាល់រូបនេះបន្ថែមទៀតថា ក្លឹបប្រដាល់នេះកំពុងរៀបចំស្នើសុំច្បាប់ពីសហព័ន្ធឲ្យបានត្រឹមត្រូវដូចក្លឹបគេឯងដែរ។ ក្លឹបនេះនឹងបង្ហាត់ទាំងផ្នែកគុនខ្មែរ និងគុនចម្រុះ រួមទាំងហាត់បែបសុខភាពផង។
ម្ចាស់ហាងកាហ្វេកសិកម្មខាងលើបន្តទៀតថា ងាកមកនិយាយពីខ្លួនឯងវិញក៏កំពុងហ្វឹកហាត់ជាបណ្ដើរៗហើយនៅក្លឹបចាស់ Cambodian Top Team ដើម្បីជាការត្រៀមខ្លួនសម្រាប់វិលចូលសង្វៀននាពេលឆាប់ៗខាងមុខ។
បញ្ជាក់ដែរថា ស៊ឹម ប៊ុនស្រ៊ន់ ជាអតីតកីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះកាលពីជិត ១០ឆ្នាំមុន ប៉ុន្តែរូបគេបានផ្អាកឡើងសង្វៀនងាកទៅបង្កើតមុខរបររកស៊ីផ្សេងដូចជាលក់ដើមឈើ និងបើកហាងកាហ្វេសមល្មមមួយនៅខេត្តកំពង់ចាម។ យ៉ាងណាយូរៗគេឃើញ ប៊ុនស្រ៊ន់ ឡើងប្រកួតគុនចម្រុះម្ដង។ ថ្មីៗនេះគេឃើញអតីតអ្នកប្រដាល់រូបនេះបង្ហោះ LOGO ក្លឹបប្រដាល់ថ្មីផង និងចូលហ្វឹកហាត់ផង ដូច្នេះចាប់ពីពេលនេះតទៅប្រហែលឃើញរូបគេច្រើនលើវិស័យប្រដាល់គុនខ្មែរនេះវិញហើយ៕
ប្រភព៖ KAMPUCHEATHMEY



