Ramos បានបោះសម្តីផ្លែផ្កាទៅ Pedri និង Lamine Yamal ក្រោយផ្តួល Barcelona យប់មិញ

ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain កីឡាករ Goncalo Ramos បាននិយាយលក្ខណៈឌឺដងផ្លែផ្កាទៅខ្សែបម្រើ Pedri និង Lamine Yamal បន្ទាប់ក្រុមរបស់គេ យកឈ្នះលើ Barcelona នៅទឹកដី អេស្ប៉ាញ កាលពីយប់មិញ។

បើត្រឡប់ទៅមើលមុនការប្រកួតទល់ គឺ Pedri និង Lamine Yamal បាននិយាយខ្លះៗអំពីការប្រកួតទល់នឹង PSG។ Yamal បាននិយាយ ថា៖ «សម្ពាធ? ខ្ញុំត្រឡប់មកវិញហើយ ហើយបេសកកម្មក៏ត្រឡប់មកវិញផងដែរ»។ ចំណែក Pedri វិញបាននិយាយ ថា៖ «PSG គឺជាក្រុមមួយ ដែលបានបង្ហាញរួចមកហើយកាលពីរដូវកាលមុន ថាពួកគេជាក្រុមមួយល្អបំផុតក្នុងពិភពលោក ហើយចំណែកពួកយើង ខ្ញុំមើលឃើញថា គឺល្អបំផុត»។

ក្រោយការប្រកួតបញ្ចប់ ដោយយកឈ្នះលើ Barcelona ខ្សែប្រយុទ្ធ Ramos បានឆ្លើយតបអំពីពាក្យសម្តីរបស់ Pedri និង Yamal វិញ ថា៖ «ពួកយើងគឺជាជើងឯក អឺរ៉ុប។ ខ្ញុំមិនអាចនិយាយច្រើនជាងនេះទេ។ ប្រសិនបើអ្នកល្អបំផុត អ្នកត្រូវតែបង្ហាញនៅលើទីលាន មិនមែននិយាយច្រើនបែបនេះទេ»។

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ២៤ ឆ្នាំបានបន្ថែមថា ៖ «ជាញឹកញាប់ មានសេចក្តីថ្លែងការណ៍ដែលធ្វើឡើងមុនការប្រកួត ហើយវាអាចកើតឡើង។ យើងមិនខូចចិត្តទេ។ យើងមិនខ្វល់ទេ យើងគ្រាន់តែចង់លេងការប្រកួត យើងឈ្នះ ហើយយើងសប្បាយចិត្តចំពោះរឿងនោះ»។

គួរបញ្ជាក់ថា ការប្រកួតនៅក្នុងវគ្គសន្សំពិន្ទុ League Phase ពាន UCL កាលពីយប់រំលងអាធ្រាត្រថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ តុលា ឆ្នាំ ២០២៥ នេះ ក្រុម PSG បានយកឈ្នះលើក្រុម Barcelona ដល់ក្នុងដី ក្នុងលទ្ធផល ២ ទល់នឹង ១។ គ្រាប់បាល់ ២ គ្រាប់របស់ PSG គឺរកបានដោយកីឡាករ Senny Mayulu នៅនាទីទី ៣៨ និង Goncalo Ramos នៅនាទីទី ៩០។ ចំណែក ១ គ្រាប់របស់ Barcelona វិញ គឺរកបានដោយកីឡាករ Ferran Torres នៅនាទីទី ១៩៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top