កីឡាករ ៦ នាក់ កំពុងលេចធ្លោរខ្លាំងក្នុងវិថីបាល់ទាត់ ក្រោយដើរចេញពី Man United

ពាក្យមួយម៉ាត់ «បើចង់ជោគជ័យ ត្រូវចាកចេញពី Manchester United» កំពុងក្លាយជាពាក្យរសើប និងជាពាក្យលេងសើចមួយក្នុងវិស័យបាល់ទាត់ បន្ទាប់ពីតថភាពជាក់ស្តែង មានកីឡាករដល់ទៅ ៦ នាក់នាពេលបច្ចុប្បន្ន ហាក់កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំង នៅពេលដើរចេញពីទឹកដី Old Trafford។

ក្លិបដែលដក់ដាមដោយប្រវត្តិសាស្ត្រ Man United ហាក់កំពុងធ្លាក់ដុនដាបខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលសឹងតែហៅលែងឮទៅហើយ ទោះបីជាពួកគេបានព្យាយាមផ្លាស់ប្តូរគ្រូបង្វឹកជាញឹកញាប់ ក៏ដូចជាមានការនាំចូលកីឡាករល្អៗច្រើនក៏ដោយ។

មានកីឡាករមួយចំនួន ដែលសុទ្ធតែជាកីឡាករពោរពេញដោយសមត្ថភាព និងទេពកោសល្យ ប៉ុន្តែពួកគេបែជាធ្លាក់ទម្រង់លេងខ្លាំង នៅពេលចូលរួមជាមួយ Man United។ ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់មានរឿងរកាំរកូសជាមួយក្លិបផងដែរ ដែលបង្ខំឱ្យពួកគេត្រូវស្វែងរកទ្រនំថ្មី។ ប៉ុន្តែជាការកត់សម្គាល់ កីឡាករទាំងនោះសុទ្ធតែបង្ហាញសមត្ថភាពលេចធ្លោរខ្លាំង បន្ទាប់ពីពួកគេចាកចេញពី Man United ផ្លាស់ទៅកាន់ក្លិបថ្មី។

Marcus Rashford ជាកីឡាករ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត។ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ រកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists) ក្នុងចំណោមការលេង ១០ ប្រកួតនៅរដូវកាលនេះ ចាប់តាំងពីចាកចេញពី Man United ផ្លាស់មក Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង។

Rasmus Hojlund ក៏កំពុងទទួលបានការកោតសរសើរផងដែរ ដោយរដូវកាលនេះ រូបគេបានចាកចេញពីទឹកដី Old Trafford ផ្លាស់មកកាន់ក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង ១ រដូវកាល។ កាលពីយប់រំលងអាធ្រាត្រ ថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ តុលា កន្លងទៅ រូបគេបានស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង ជួយឱ្យ Napoli យកឈ្នះ Sporting ២-១ និងចុងក្រោយត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត។

កីឡាករម្នាក់ទៀត ដែលកំពុងលេចធ្លោរ បន្ទាប់ពីចាកចេញពី Man United ផងដែរ នោះគឺ Antony។ អំឡុងពេលនៅ Man United ពីឆ្នាំ ២០២២ ដល់ដើមឆ្នាំ ២០២៥ ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះហាក់ធ្លាក់សមត្ថភាពខ្លាំង និងពុំសូវមាននាទីលេងនោះទេ ប៉ុន្តែឥឡូវនេះ សមត្ថភាពរបស់គេហាក់មានភាពល្អប្រសើរឡើងវិញ ដោយនៅទ្រនំថ្មី Real Betis រូបគេបានលេង ៩០ នាទីសឹងតែគ្រប់ការប្រកួត ហើយនៅរដូវកាលនេះរូបគេរកគ្រាប់បាល់បានចំនួន ១ គ្រាប់ និង ១ បញ្ជូន (assist) ក្នុងចំណោមការលេង ៤ ប្រកួត។

ដោយឡែកកីឡាករ ៣ នាក់ផ្សេងទៀត ដែលកំពុងល្អខ្លាំងផងដែរ បន្ទាប់ពីពីចាកចេញពី Man United រួមមាន Anthony Elanga កំពុងលេងនៅ Newcastle United។ Mason Greenwood កំពុងលេងនៅ Marseille និង Scott McTominay កំពុងលេងនៅ Napoli៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top