អ្នកលេងគុនខ្មែរ ឈឿង ល្វៃ ថាកីឡាករ Umar Semata ជាជើងខ្លាំងមួយរូបដែលធន់ កម្លាំងខ្លាំង ស៊ូ ដូច្នេះខ្លួនត្រូវតែពង្រឹងសមត្ថភាពឲ្យបានល្អក្នុងជំនួបដណ្ដើមខ្សែក្រវាត់ នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ លើសង្វៀនបាយ័នស្អែកនេះ។
កីឡាករ ឈឿង ល្វៃ បានឲ្យដឹងថា បច្ចុប្បន្ននេះខ្លួនបានពង្រឹងសមត្ថភាព និងសម្រួចគ្រប់ស្នៀតទាំងអស់មិនថា កែង ជង្គង់ ម៉ាត់ ឬទាត់នោះឡើយ។ ការប្រកួតជាក់ស្ដែងអាវុធមួយណាបានផលនឹងប្រើអាវុធនោះ។
សិស្សគុនមកពីក្លឹបនាគរាជចតុមុខរូបនេះបន្ថែមទៀតថា កីឡាករ Umar Semata ម្នាក់នេះសមត្ថភាពល្អមិនអាចមើលស្រាលបានឡើយ។ ពោលចំណុចល្អរបស់គេធន់ មានកម្លាំងខ្លាំង និងស៊ូទៀតផង។ សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់នេះ ល្វៃ សង្ឃឹម ៧០% នឹងទទួលបានជ័យជម្នះ។
បញ្ជាក់ដែរថា កីឡាករកម្ពុជា ឈឿង ល្វៃ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករ Umar Semata នៅថ្ងៃសៅរ៍ស្អែកនេះលើសង្វៀនបាយ័ន ចាប់ពីម៉ោង ៥កន្លះល្ងាចតទៅ។ ប្រិយមិត្តអ្នកគាំទ្រអាចចូលទស្សនាបានដោយសេរីនៅបាយ័នស្ទឹងមានជ័យ។ កុំភ្លេចទៅលើកទឹកចិត្តកីឡាករទាំងអស់គ្នា៕
ប្រភព៖ KAMPUCHEATHMEY



