គ្រូបង្វឹករបស់ក្រុម Paris Saint-Germain លោក Luis Enrique នៅតែចាត់ទុក ក្រុមអ្នកមានបុណ្យ FC Barcelona ជាបេក្ខភាពធំនឹងឈ្នះពានរង្វាន់ Champions League រដូវកាល ២០២៥-២០២៦ នេះ ទោះបីជាពួកគេទើបតែចាញ់ក្រុមរបស់លោកកាលពីពេលថ្មីៗនេះក៏ដោយ។
កាលពីយប់រំលងអាធ្រាត្រថ្ងៃ ពុធ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ តុលា ឆ្នាំ ២០២៥ ក្រុមអ្នកមាន PSG បានយកឈ្នះលើក្រុម Barcelona ដល់ទឹកដី អេស្ប៉ាញ ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតវគ្គសន្សំពិន្ទុ League Phase ពាន Champions League។
ក្រោយបញ្ចប់ការប្រកួតនេះ គ្រូបង្វឹករបស់ PSG លោក Enrique បានមានប្រសាសន៍ ថា៖ «សម្រាប់ខ្ញុំ វាគឺច្បាស់ណាស់ ដែលពួកគេស្ថិតនៅក្នុងបេក្ខភាពឈ្នះពាន Champions League។ ពួកគេលេងយ៉ាងអស្ចារ្យ។ ពួកគេមានកម្រិតខ្ពស់ខ្លាំង ហើយវាគ្រាន់តែជាការចាប់ផ្តើមនៃការប្រកួតប្រជែងប៉ុណ្ណោះ។ មានការប្រកួត ៦ ទៀត ដែលនៅសល់។ ពួកយើងនឹងរង់ចាំមើល ថានរណាបានជាប់វគ្គជម្រុះ ហើយវាយ៉ាងម៉េចទៀត។ ខ្ញុំគ្មានការសង្ស័យចំពោះ Barcelona ទេ ហើយសង្ឃឹម ថា ពួកយើងក៏ជាបេក្ខភាពឈ្នះពាន UCL រដូវកាលនេះដូចគ្នា»។
គួរឱ្យដឹងថា ម្ចាស់ពាន UCL ៥ សម័យ Barcelona បានខកខានឈ្នះពាននេះរយៈពេល ១០ ឆ្នាំមកហើយ ដោយពេលវេលាចុងក្រោយ ដែលពួកគេបានឈ្នះពាន UCL នេះ គឺតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ងាកមកកាន់រដូវកាលនេះ ការប្រកួតពាន UCL កំពុងតែស្វិតស្វាញខ្លាំងមែនទែន ដោយ Barcelona ឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦។ ចំណែកក្រុមការពារតំណែងជើងឯក PSG វិញ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុក្នុងដៃ៕
ប្រភព៖ KAMPUCHEATHMEY



