ក្រុមបាល់ទាត់ហ្វ្រីស្ដាយ៍កម្ពុជា (Freestyle) ចំនួន ៣រូបបានហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមប្រកួតកម្មវិធី WFFA Pulse Jakarta 2025 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី។
កីឡាករ ឡុង គឹមហេង ប្រធានក្រុមបាល់ទាត់ហ្វ្រីស្តាយ៍កម្ពុជាបានឲ្យដឹងថា នេះជាលើកទី១ ហើយសម្រាប់ក្រុមកម្ពុជាដែលមានឱកាសបានចេញទៅប្រកួតនៅអន្តរជាតិ ព្រោះពីមុនមកមានត្រឹមតែការប្រកួតក្នុងស្រុក និងខ្មែរប៉ះខ្មែរប៉ុណ្ណោះ។
កីឡាករទាំង ៣រូបមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ។ ការចេញទៅប្រកួតនៅលើឆាកអន្តរជាតិលើកទី១ នេះគឺនឹងបង្ហាញពីវិស័យបាល់ទាត់ Freestyle របស់កម្ពុជាដល់បណ្ដាប្រទេសផ្សេងៗ និងបង្ហាញពីធនធានកីឡាករដែលមានសមត្ថភាពល្អ និងភាពរីកចម្រើនឲ្យអន្តរជាតិបានដឹង។
ម្នាក់ៗមានការប្ដេជ្ញាចិត្តនឹងខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាពស្វែងរកជ័យជម្នះជូនប្រជាជនកម្ពុជាបើទោះជាទទួលបានលទ្ធផលយ៉ាងណាមិនថ្វីនោះឡើយ ព្រោះនេះជាលើកទី១ សម្រាប់ក្រុមទាំងមូល។ កីឡាករ ឡុង គឹមហេង ជឿជាក់ថាការប្រកួតនៅឥណ្ឌូណេស៊ីនេះនឹងផ្ដល់បទពិសោធល្អៗពាក់ព័ន្ធនិងបច្ចេកទេសប្រកួត និងការស្វែងយល់ពីស្ដាយ៍ផ្សេងៗដែលអន្តរជាតិកំពុងពេញនិយមដើម្បីយកមកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ Freestyle នៅកម្ពុជា។
ជាមួយគ្នានេះដែរក្រុមបាល់ទាត់ហ្វ្រីស្តាយ៍កម្ពុជា សូមថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលផ្ដួចផ្ដើមឲ្យមានជាការប្រកួតកន្លងមក និងបានឧបត្ថម្ភទាំងស្រុងលើការចេញទៅប្រកួតនៅឥណ្ឌូណេស៊ីនេះតែម្ដង។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ហ្វ្រីស្តាយ៍កម្ពុជាចំនួន ៣នាក់រួមមានកីឡាករ សុំ សាន កីឡាករ នួន វណ្ណា និងកីឡាករ ឡុង គឹមហេង បានចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី ហើយកាលពីរសៀលម៉ោង៣ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ។ កម្មវិធីប្រកួតហ្វ្រីស្តាយ៍តំបន់អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៥។ គិតមកដល់ពេលនេះមានបេក្ខភាពចូលរួមប្រមាណ ៧០នាក់ហើយក្នុងព្រឹត្តិការណ៍ដ៏ធំមូយនេះ៕
ប្រភព៖ KAMPUCHEATHMEY



