ក្រុម​បាល់ទាត់​ហ្វ្រីស្ដាយ៍​កម្ពុជា​ ត្រៀម​ខ្លួន​រួចរាល់​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ WFFA Pulse Jakarta 2025

ក្រុម​បាល់ទាត់​ហ្វ្រីស្ដាយ៍​កម្ពុជា​ (Freestyle) ចំនួន​ ៣រូប​បាន​ហ្វឹកហាត់​ និង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ចូលរួម​ប្រកួត​កម្មវិធី​ WFFA Pulse Jakarta 2025 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

កីឡាករ ឡុង គឹមហេង ប្រធានក្រុមបាល់ទាត់ហ្វ្រីស្តាយ៍កម្ពុជាបានឲ្យដឹងថា នេះជាលើកទី១ ហើយសម្រាប់ក្រុមកម្ពុជាដែលមានឱកាសបានចេញទៅប្រកួតនៅអន្តរជាតិ ព្រោះពីមុនមកមានត្រឹមតែការប្រកួតក្នុងស្រុក និងខ្មែរប៉ះខ្មែរប៉ុណ្ណោះ។

កីឡាករទាំង ៣រូបមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ។ ការចេញទៅប្រកួតនៅលើឆាកអន្តរជាតិលើកទី១ នេះគឺនឹងបង្ហាញពីវិស័យបាល់ទាត់ Freestyle របស់កម្ពុជាដល់បណ្ដាប្រទេសផ្សេងៗ និងបង្ហាញពីធនធានកីឡាករដែលមានសមត្ថភាពល្អ និងភាពរីកចម្រើនឲ្យអន្តរជាតិបានដឹង។

ម្នាក់ៗ​មាន​ការ​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ស្វែង​រក​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​បើ​ទោះ​ជា​ទទួល​បាន​លទ្ធផល​យ៉ាងណា​​មិន​ថ្វី​នោះ​ឡើយ​ ព្រោះនេះ​​ជា​លើក​ទី១​ សម្រាប់​ក្រុម​ទាំង​មូល។​ កីឡាករ​ ឡុង គឹមហេង ជឿជាក់​ថា​ការ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​នេះ​នឹង​ផ្ដល់​បទ​ពិសោធ​ល្អ​ៗពាក់ព័ន្ធ​និង​បច្ចេកទេស​ប្រកួត​ និង​ការ​ស្វែងយល់​ពី​ស្ដាយ៍ផ្សេងៗ​ដែល​អន្តរជាតិ​កំពុង​ពេញ​និយម​ដើម្បី​យក​មក​​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​ Freestyle នៅកម្ពុជា​។​

ជា​មួយ​គ្នា​នេះ​ដែរ​ក្រុម​បាល់ទាត់​ហ្វ្រីស្តាយ៍​កម្ពុជា​ ​​សូម​ថ្លែង​អំណរគុណ​ឯកឧត្ដម​ ឌី​ វិជ្ជា​ ប្រធាន​ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ដែល​ផ្ដួចផ្ដើម​ឲ្យ​មាន​ជា​ការ​ប្រកួត​កន្លង​មក​ និង​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​លើ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​នេះ​តែ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​ហ្វ្រីស្តាយ៍​កម្ពុជា​ចំនួន​ ៣នាក់​រួម​មាន​កីឡាករ​ សុំ សាន ​កីឡាករ នួន វណ្ណា និង​កីឡាករ​ ឡុង គឹមហេង បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​កាល​ពី​រសៀល​ម៉ោង​៣​ ថ្ងៃ​ទី៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ។​ កម្មវិធីប្រកួតហ្វ្រីស្តាយ៍តំបន់អាស៊ីប៉ាស៊ីហ្វិក WFFA Pulse Jakarta 2025 នៅប្រទេសឥណ្ឌូណេស៊ី នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃទី៤-៥​ ខែ​តុលា​ ឆ្នាំ​២០២៥។​ គិត​មក​ដល់​ពេល​នេះ​មាន​បេក្ខភាព​ចូលរួម​ប្រមាណ​ ៧០​នាក់​ហើយ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មូយ​នេះ៕​

ប្រភព៖​ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top