អ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើនចង់ឃើញ លោក Pep Muñoz អតីតគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីលោកត្រូវបានក្លិបរបស់ចិន Shenzhen Peng City ចែកផ្លូវគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥។
ស្របពេលជាមួយគ្នានេះ លោក Pep Muñoz បានបើកចំហសម្រាប់ឱកាសការងារថ្មី។ ជាពិសេសលោកថែមទាំងបង្ហាញការចាប់អារម្មណ៍លើការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទៀតផង ប្រសិនបើត្រូវការលោក។
ទោះបីជាយ៉ាងណា សម្រាប់ឆ្នាំ ២០២៦ អាចនឹងមានលទ្ធភាពតិចតូចសម្រាប់លោកក្នុងការចូលខ្លួនមកដឹកនាំ ពីព្រោះបើក្រឡេកមើលកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនមានកម្មវិធីប្រកួតសំខាន់ៗគួរឲ្យចាប់អារម្មណ៍ទេទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
នៅឆ្នាំ ២០២៦ កម្មវិធីប្រកួតសំខាន់ៗកម្រិតតំបន់អាស៊ាន ទ្វីបអាស៊ី និងពិភពលោក ភាគច្រើនគឺនៅជុំចុងក្រោយ។ ជាក់ស្តែងការប្រកួតពាន AFC Asian Cup Saudi Arabia 2027 ជុំចុងក្រោយ ការប្រកួតពានយុវជនអាស៊ីអាយុ ២៣ ឆ្នាំ ការប្រកួតយុវជនអាស៊ីអាយុ ១៧ឆ្នាំ ការប្រកួតហ្វូតសាលអាស៊ី និងការប្រកួតជើងឯកនារីអាស៊ីជាដើម ព្រមទាំង ការប្រកួតបាល់ទាត់ពិភពលោក World Cup ជាដើម។ ភាគច្រើន នៅឆ្នាំ ២០២៦ សំបូរដោយកម្មវិធីប្រកួតក្លិបនៅតំបន់អាស៊ី។
គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ ហាក់ដូចជាមិនមានកម្មវិធីប្រកួតផ្លូវការសំខាន់ណាមួយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតឡើយ។ ប្រសិនបើមានកម្មវិធីប្រកួតក៏ភាគច្រើនក៏ជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ។ បើបែបនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ទំនងជាមិនចង់យកគ្រូបង្វឹកណាដែលមានសមត្ថភាពខ្ពស់ និងចំណាយថវិកាច្រើនដែរ។
ទោះបីជាយ៉ាងណា នៅចុងឆ្នាំ ២០២៦ អាចនឹងកម្មវិធីប្រកួតសំខាន់ខ្លះដូចជា ពានរង្វាន់អាស៊ានលំដាប់ទី១ ដែលធ្វើរាល់ ២ ឆ្នាំម្តងដែលទំនងជាចាប់ផ្តើមនៅចុងឆ្នាំ ហើយក៏មានកម្មវិធីខ្លះដែលមិនទាន់ចេញជាផ្លូវការនៅពេលនេះ។
ប្រសិនបើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់ពង្រឹកក្រុមជម្រើសជាតិឲ្យរឹងមាំឲ្យបានយូរ មុនការប្រកួតជើងឯកអាស៊ានមកដល់ ក៏អាចពិចារណាយកគ្រូបង្វឹកមកដឹកនាំក្រុមធំដែរ ខណៈគ្រូបង្វឹកបច្ចុប្បន្នលោក Koji មានកុងត្រាត្រឹមបំណាច់ឆ្នាំ ២០២៥ ព្រមទាំងរវល់នឹងក្រុមយុវជនច្រើន ក៏អាចជាជម្រើសយកលោក Pep មកដឹកនាំដែរ៕
ប្រភព៖ KAMPUCHEATHMEY



