ហេតុ​ផល​នេះ លោក Pep Muñoz ប្រហែល​មិន​អាច​ដឹក​នាំ​ក្រុម​​​កម្ពុជា​បាន ឆ្នាំ​២០២៦

អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ជា​​ច្រើន​ចង់ឃើញ លោក Pep Muñoz អតីត​គ្រូ​បង្វឹក​ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​លោក​​ត្រូវ​បាន​ក្លិប​របស់​ចិន Shenzhen Peng City ចែក​ផ្លូវ​គ្នា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ ២០២៥។

ស្របពេលជាមួយគ្នានេះ លោក Pep Muñoz បានបើកចំហសម្រាប់ឱកាសការងារថ្មី។ ជាពិសេសលោកថែមទាំងបង្ហាញការចាប់អារម្មណ៍លើការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទៀតផង ប្រសិនបើត្រូវការលោក។

ទោះបីជាយ៉ាងណា សម្រាប់ឆ្នាំ ២០២៦ អាចនឹងមានលទ្ធភាពតិចតូចសម្រាប់លោកក្នុងការចូលខ្លួនមកដឹកនាំ ពីព្រោះបើក្រឡេកមើលកម្មវិធីប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនមានកម្មវិធីប្រកួតសំខាន់ៗគួរឲ្យចាប់អារម្មណ៍ទេទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។

នៅឆ្នាំ ២០២៦ កម្មវិធីប្រកួតសំខាន់ៗកម្រិតតំបន់អាស៊ាន ទ្វីបអាស៊ី និងពិភពលោក ភាគច្រើនគឺនៅជុំចុងក្រោយ។ ជាក់ស្តែងការប្រកួតពាន AFC Asian Cup Saudi Arabia 2027 ជុំចុងក្រោយ ការប្រកួតពានយុវជនអាស៊ីអាយុ ២៣ ឆ្នាំ ការប្រកួតយុវជនអាស៊ីអាយុ ១៧ឆ្នាំ ការប្រកួតហ្វូតសាលអាស៊ី និងការប្រកួតជើងឯកនារីអាស៊ីជាដើម ព្រមទាំង ការប្រកួតបាល់ទាត់ពិភពលោក World Cup ជាដើម។ ភាគច្រើន នៅឆ្នាំ ២០២៦ សំបូរដោយកម្មវិធីប្រកួតក្លិបនៅតំបន់អាស៊ី។

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ២០២៦ ហាក់​ដូច​ជា​មិន​មាន​កម្មវិធី​ប្រកួត​ផ្លូវ​កា​រ​សំខាន់​ណា​មួយ​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ឡើយ។ ប្រសិន​បើ​មាន​កម្មវិធី​ប្រកួត​ក៏​ភាគ​ច្រើន​​ក៏​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ។ បើ​បែប​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក៏​ទំនង​ជា​មិន​ចង់​យក​គ្រូ​បង្វឹក​ណា​ដែល​មាន​សមត្ថភាពខ្ពស់ និង​ចំណាយ​ថវិកា​ច្រើន​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ចុង​ឆ្នាំ ២០២៦ អាច​នឹង​កម្មវិធី​ប្រកួត​សំខាន់​​ខ្លះ​ដូច​ជា ពាន​រង្វាន់​អាស៊ាន​​លំដាប់​ទី១ ដែល​ធ្វើ​រាល់​ ២ ឆ្នាំ​ម្តង​ដែល​ទំនង​ជា​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ ហើយ​ក៏​មាន​កម្មវិធី​​ខ្លះ​​ដែល​​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​​នៅ​ពេល​នេះ។

ប្រសិន​បើ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ចង់​ពង្រឹក​ក្រុម​ជម្រើសជាតិ​ឲ្យ​រឹង​មាំ​ឲ្យ​បាន​យូរ មុន​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​មក​ដល់ ក៏​អាច​ពិចារណា​យក​គ្រូ​បង្វឹក​មក​ដឹក​នាំ​ក្រុម​ធំ​ដែរ​ ខណៈ​គ្រូ​បង្វឹក​បច្ចុប្បន្ន​លោក Koji មាន​កុងត្រា​ត្រឹម​បំណាច់​ឆ្នាំ  ២០២៥ ព្រម​ទាំង​រវល់​នឹង​ក្រុម​យុវជន​ច្រើន ក៏​អាច​ជា​ជម្រើស​យកលោក Pep មក​ដឹក​នាំ​ដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top