លោក Henry ប្រាប់គន្លឹះសំខាន់ទៅ Barcelona ត្រូវកែប្រែ ដើម្បីឈ្នះ UCL រដូវកាលនេះ

អតីតកីឡាករជើងចាស់លោក Thierry Henry បានប្រាប់ពីគន្លឹះសំខាន់ៗ ២ ចំណុចទៅ Barcelona ដើម្បីអាចមានឱកាសប្រជែងយកជើងឯក UEFA Champions League រដូវកាល ២០២៥-២០២៦។

Barcelona ត្រូវបានគេចាត់ទុកជាក្រុមកំពូលមួយក្នុងតំបន់ អឺរ៉ុប ហើយនារយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ពួកគេក៏កំពុងតែបង្ហាញនូវភាពលេចធ្លោរឡើងវិញផងដែរ ក្រោមការដឹកនាំរបស់លោក Hansi Flick។ ជាក់ស្តែងកាលពីរដូវកាលមុន ពួកគេបានឈ្នះពានធំៗក្នុងស្រុកដល់ទៅ ៣ ដូចជា La Liga, Copa del Rey និង Spanish Super Cup ប៉ុន្តែជាអកុសល ពួកគេមិនបានឈ្នះពានលំដាប់ទី ១ របស់ទ្វីប អឺរ៉ុប UCL ឡើយ។

ដោយឡែកថ្មីៗនេះ ការប្រកួតវគ្គសន្សំពិន្ទុ League Phase ពាន UCL រដូវកាល ២០២៥-២០២៦ ពួកគេទើបតែបរាជ័យក្រោមថ្វីជើងក្រុម Paris Saint-Germain ក្នុងលទ្ធផល ២-១។ ពាក់ព័ន្ធនឹងបញ្ហានេះ ក៏ដូចជាចំណុចខ្សោយ ដែលធ្វើឱ្យ Barcelona រាំងស្ទះ ដើម្បីឈ្នះពាន UCL នៅរដូវកាលនេះ លោក Henry ផ្តល់យុទ្ធសាស្ត្រទៅលោក Flick ដោយទី ១ ត្រូវកែប្រែតំបន់ការពារកុំឈរនៅតំបន់ខ្ពស់ពេក និងទី ២ ត្រូវពង្រឹងកីឡាករបម្រុងប្តូរចូល ឱ្យមានភាពរឹងមាំជាងនេះ។

អតីតខ្សែប្រយុទ្ធរបស់ Barcelona និង Arsenal បានលើកឡើងយ៉ាងដូច្នេះ ថា៖ «អ្នកមិនអាចលេងក្នុងពានរង្វាន់ Champions League ជាមួយការរៀបចំខ្សែការពារឱ្យឈរនៅតំបន់ខ្ពស់បែបនេះឡើយ។ ខ្ញុំសូមទោស នៅពេលអ្នកលេងទល់នឹងក្រុមល្អ នោះអ្នកនឹងទទួលរងការគាបសង្កត់»

លោក Henry បានបន្តទៀត ដោយនិយាយអំពីកីឡាករបម្រុងរបស់ Barcelona ថា៖ «ប្រសិនបើអ្នកចង់ឈ្នះ ត្រូវទៅឱ្យឆ្ងាយ ហើយធ្វើឱ្យបានល្អនៅក្នុងការប្រកួត។ អ្នកត្រូវការមានកីឡាករ ដែលអាចផ្តល់ឱ្យក្រុមគ្រប់យ៉ាង នៅពេលពួកគេផ្លាស់ប្តូរចូល។ សម្រាប់មួយរដូវ អ្នកត្រូវការអ្នកបម្រុង ដើម្បីដោះស្រាយបញ្ហា។ នោះជាមូលហេតុដែល PSG ចុះកិច្ចសន្យាយក Goncalo Ramos។[…] នៅពេលកីឡាករម្នាក់ផ្លាស់ប្តូរចូល គាត់ត្រូវតែផ្លាស់ប្តូរការប្រកួត។ នោះជាមូលហេតុ ដែលខ្ញុំគិត ថា Arsenal មានឱកាសល្អ ដើម្បីឈ្នះពាន UCL ឆ្នាំនេះ»

គួរឱ្យដឹងថា ម្ចាស់ពាន UCL ៥ សម័យ Barcelona បានខកខានឈ្នះពាននេះរយៈពេល ១០ ឆ្នាំមកហើយ ដោយពេលវេលាចុងក្រោយ ដែលពួកគេបានឈ្នះពាន UCL នេះ គឺតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ងាកមកកាន់រដូវកាលនេះ ការប្រកួតពាន UCL កំពុងតែស្វិតស្វាញខ្លាំងមែនទែន ដោយ Barcelona ឆ្លងកាត់ ២ ប្រកួត ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ ១៦៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top