អ្នកស្រី Sheila Ebana ម្តាយកីឡាករយុវជន Lamine Yamal របស់ក្លិប Barcelona នឹងរៀបចំពិធីជួបជុំហូបអាហារពេលល្ងាចនាពិធីបុណ្យណូអែលខាងមុខ ស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ សម្រាប់ អ្នកមានបំណងចង់ចូលរួមកម្មវិធីនេះ ត្រូវបង់ប្រាក់ ៩៤០ដុល្លារក្នុងម្នាក់ សម្រាប់សំបុត្រថ្លៃបំផុតប្រចាំកម្មវិធី ដើម្បីអាចទទួលបទពិសោធន៌ថ្មីៗពីម្តាយកីឡាករអេស្ប៉ាញ។
កម្មវិធីមានឈ្មោះថា «ពិធីហូបអាហារពេលល្ងាចនាឱកាសបុណ្យណូអែលជាមួយម្តាយ Lamine Yamal អ្នកស្រី Sheila Ebana» គ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងទីក្រុងឡុងដ៍ ស្ថិតនៅភោជនីយដ្ឋានកម្រិតផ្កាយ ៥ មួយឈ្មោះ Nobu London Portman Square ហើយកម្មវិធីនឹងទទួលភ្ញៀវរហូតដល់ ៤០០នាក់។
បើតាមការចុះផ្សាយរបស់កាសែត Tribuna កម្មវិធីនោះរៀបចំឡើង គឺសម្រាប់តែអ្នកគាំទ្រមានវ័យចាប់ពី ១៨ឆ្នាំ ឡើងទៅប៉ុណ្ណោះ។ ជាមួយបទពិសោធន៍ពិសេសថ្មី អ្នកចូលរួមនឹងទទួលបានការហូបអាហារលំដាប់ផ្កាយ ៥ ការថតរូបជាមួយនឹងម្តាយ Yamal ព្រមទាំងអាចទស្សនាកម្មវិធីកម្សាន្តផ្សេងៗ និងការប្រគំតន្ត្រីជាមួយនឹងអ្នកចាក់ភ្លេង (DJ) ផងដែរ។
សំបុត្រធម្មតា មានតម្លៃចាប់ពី ១៧៦ដុល្លារ, សំបុត្រពិសេសមានតម្លៃ ៤៧០ដុល្លារ ខណៈសំបុត្រពិសេសខ្លាំងបំផុត ដែលអាចអង្គុយហូបអាហារជាមួយនឹងម្តាយរបស់ Yamal ការថតរូបផ្សេងៗ មានតម្លៃរហូតដល់ ៩៤០ដុល្លារ។ ពាក្យស្លោកគូឱ្យចាប់អារម្មណ៍បំផុត ដើម្បីផ្សព្វផ្សាយពីកម្មវិធីនេះ អ្នករៀបចំក៏បានភ្ជាប់ដោយពាក្យថា «ឱកាសក្នុងការជួបម្តាយរបស់កីឡាករល្អអស្ចារ្យបំផុតក្នុងពិភពលោក។»។
អ្នកគាំទ្រមួយចំនួនបានចាត់ទុកកម្មវិធីនោះ ថាជាឱកាសកម្របំផុតមួយ ដើម្បីអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារកីឡាករបាល់ទាត់ ជាមួយនិងហូបអាហារពេលល្ងាច។ តែអ្នកគាំទ្រខ្លះទៀត និយាយថាការចាយប្រាក់ជាង ១ ០០០ដុល្លារ សម្រាប់កម្មវិធីម្តាយរបស់កីឡាករវ័យ ១៨ឆ្នាំ ហួសហេតុ និងការផ្សាយពាណិជ្ជកម្មហួសហេតុ។
គូសរំលឹកថា Yamal ជាកីឡាករវ័យក្មេងល្អបំផុតមួយរូប ក្នុងពិភពលោកបាល់ទាត់បច្ចុប្បន្ននៅត្រឹមវ័យ ១៨ឆ្នាំ ដោយគេគឺជាសំខាន់លេងឱ្យក្លិប Barcelona និងជម្រើសជាតិអេស្ប៉ាញ។ រយៈពេល ២ឆ្នាំ កីឡាករយុវជនសញ្ជាតិអេស្ប៉ាញ ឈ្នះពានរង្វាន់ Kopa Trophy (កីឡាករវ័យក្មេងល្អប្រចាំឆ្នាំ) ២លើក ជាប់ៗគ្នា៕
ប្រភព៖ THMEYTHMEY



