កីឡាករគុនខ្មែរ អ្នកលេងចិត្តសាស្ត្របឺត សង្ឃឹម នឹងត្រូវមានភារកិច្ចប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក ISKA Kun Khmer ឆាប់ៗនេះ នៅថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥ នៅទឹកដីកម្ពុជា ទល់នឹងកីឡាករ ប៉ូឡូញ Marcin Nicinski។
កីឡាករលំដាប់ A របស់ កម្ពុជា បឺត សង្ឃឹម អាចនឹងត្រូវធ្វើការងារធ្ងន់សម្រាប់ជំនួបខាងមុខនេះ ព្រោះតាមរយៈប្រវត្តិប្រកួត ដែលទទួលបាននៅលើបណ្តាញសង្គម កីឡាករ Marcin Nicinski ជាជើងខ្លាំងមួយរូប។ កីឡាករ Marcin Nicinski ហាក់មានតែមលើ សង្ឃឹម ត្រង់កម្ពស់ ដោយរូបគេមានកម្ពស់ដល់ទៅ ១.៨០ ម៉ែត្រ ខណៈកូនសិស្សលោកគ្រូសេន ប៊ុនថេន វិញ មានកម្ពស់ត្រឹម ១.៦៧ ម៉ែត្រ។
កីឡាករ ប៉ូឡូញ វ័យ ២៤ ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ ដែលមានសមត្ថភាពវាយកណ្តាប់ដៃលឿន ហើយរូបគេក៏ពូកែចេញចូលលឿនផងដែរ ព្រោះគេជាកីឡាករជំនាញលើការប្រកួតលក្ខណៈឃីគបុកស៊ីង។ តាមប្រវត្តិប្រកួតកន្លងមក Marcin Nicinski ធ្លាប់ប្រកួតអាជីពចំនួន ១១ ដង ក្នុងនោះឈ្នះ ៩ ដង និងចាញ់ ២ ដង។ ដោយឡែកការប្រកួតចុងក្រោយ ដែលជាការប្រកួតទី ១២ របស់គេ ទល់នឹងកីឡាករ ប្រេស៊ីល Francisco Malone កាលពីខែ មិថុនា ឆ្នាំ ២០២៥ មិនត្រូវបានបង្ហាញលទ្ធផលនោះទេ។ បច្ចុប្បន្ន កីឡាករប៉ូឡូញរូបនេះមានខ្សែក្រវាត់ ២ នៅក្នុងដៃ គឺ ISKA World PRO Champion និងខ្សែក្រវាត់ PZKB K-1 Champion។
នេះជាលើកទី ២ ហើយ សម្រាប់ បឺត សង្ឃឹម ដែលទទួលបានឱកាសប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន ISKA ប៉ុន្តែលើកទី ១ ដែលធ្វើឡើងនៅប្រទេស អូស្ត្រាលី កាលពីខែ មេសា ឆ្នាំ ២០២៥ ត្រូវបានរំសាយចោលទៅវិញ។ យ៉ាងណា មុនការប្រកួតដណ្តើមខ្សែក្រវាត់ ISKA ពិភពលោកនេះ នៅថ្ងៃទី ១១ ខែ តុលា មកដល់ បឺត សង្ឃឹម បានថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយផេកផ្លូវការលោក ស្រឿ ស្រេង (សំណព្វ) ប្រធាន ISKA ពិភពលោកប្រចាំ កម្ពុជា ថា កីឡាករ ប៉ូឡូញ រូបនេះល្អ។ រូបគេចង់បានខ្សែក្រវាត់នេះ ហើយគេក៏បានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ដែរ។
គួររម្លឹកថា ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA Kun Khmer នេះ ធ្លាប់ធ្វើនៅ កម្ពុជា រួចម្តងហើយ កាលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ ដោយពេលនោះមនុស្សឈើ សុខ ធី ជាអ្នកក្លាយជាម្ចាស់ខ្សែក្រវាត់ បន្ទាប់ពីយកឈ្នះកីឡាករ អេស្ប៉ាញ សាមូអេល អូលីយ៉ាស់៕
ប្រភព៖ KAMPUCHEATHMEY



