៥​ក្រុម រក​បាន ៣ ពិន្ទុ​ដូច​គ្នា ក្នុង​​សប្តាហ៍​ទី១ ស្វាយរៀង​ខាប់​អាយុ១៥​ឆ្នាំ លើក​ទី២

ការ​​ប្រកួត ស្វាយរៀង​ខាប់​អាយុ ១៥ ឆ្នាំ លើក​ទី២ បាន​បញ្ចប់​សប្តាហ៍​ទី​១​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ដោយ​គ្មាន​ការ​ប្រកួត​ណាបញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ឡើយ។

គូ​បើក​ឆាក វគ្គ​សន្សំ ក្នុង​ពូល ​ពូល «ក» ក្រុម​យុវជន សសយក ស្រុក​ចន្ទ្រា បាន​ចាញ់​ ក្រុមយុវជន CRS Sport ដោយ​លទ្ធផល ៥-១ កាល​ពីវេលា​ម៉ោង ២:00 រសៀល ថ្ងៃ​សៅរ៍ ទី​១១ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​វេលា​ ៣:៣០​នាទី​រសៀល ក្រុម​យុវជន គោព្រៃ​ភូមិ​ស្វាយធំ បាន​ឈ្នះ​យ៉ាង​តឹង​លើ​ ក្រុម​យុវជន សសយក ស្រុក​កំពង់រោទិ៍ ១-០។

​ការ​ប្រកួត​នៅ​ពូល «ខ» ក្រុមយុវជន Young Star បាន​ចាញ់ ក្រុមសាមគ្គីកីឡា​ ០-៦ នៅវេលា​ម៉ោង​ ៨:០០​ព្រឹក ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា​ ហើយ​វេលា​ម៉ោង ២:០០​រសៀល ក្រុម​យុវជន សសយក ស្រុក​ស្វាយទាប បាន​ចាញ់ ក្រុមយុវជនសាមគ្គី យ៉ាង​​ធ្ងន់ ០-៧។

នៅ​វេលា​ម៉ោង ៣:៣០​នាទី​រសៀល ថ្ងៃ​អាទិត្យ​ដដែល ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀងអាយុ ១៥​ ឆ្នាំ បាន​យក​ឈ្នះ​ ក្រុម​យុវជន​ សសយក សង្កាត់​ស្វាយតឿ ដោយ​លទ្ធផល ៧-០ សម្រាប់​ការ​ប្រកួត​​នៅ​ក្នុង​ពូល «ឃ»។

និយាយ​រួម ក្រុម CRS Sport, គោព្រៃ​ភូមិស្វាយធំ សាមគ្គីកីឡា យុវជន​សាមគ្គី និង ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​អាយុ​១៥​ឆ្នាំ ទទួល​បាន​ ៣ ពិន្ទុ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១ ហើយ​សរុប​ការ​ប្រកួត​ទាំង ៥ មាន​គ្រាប់​បាល់​ចំនួន ២៧ គ្រាប់។

ការ​ប្រកួត​ស្វាយរៀង​អាប់​អាយុ​១៥​ឆ្នាំ លើក​ទី​នេះ មាន​ ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង ៨ ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍​លើក​ទី​២​នេះ។ រូបមន្ត​នៃ​ការ​ប្រកួត​គឺ បែងចែក​ជា ៤ ពូល ក្នុងនោះ ៣ ពូលមាន ៤ ក្រុម និង ១ ពូលមាន ៣ ក្រុម ដោយធ្វើការប្រកួតចំនួន២ជើង និងយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top