ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ីរី កក់កៅអីទៅ AFC Asian Cup ឆ្នាំ ២០២៧ មុនគេនៅវគ្គជម្រុះជុំទី៣ បន្ទាប់ពីនាំមុខកំពូលតារាងពូល E ទាំងនៅសល់២ប្រកួតទៀត។ ៥ពូលផ្សេងទៀត ដែលត្រូវប្រជែងយក ៥ក្រុមចុងក្រោយ ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត ឆ្នាំ ២០២៧ កំពុងប្រទាញប្រទង់គ្នា ក្នុងនោះមាន ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី តួកមេនីស្ថាន ហុងកុង លីបង់ យេម៉ែន និង តាហ្ស៊ីគីស្ថាន។
បន្ទាប់ពីដណ្តើមបានកំពូលតារាងពូល E នៅវគ្គជម្រុះជុំទី៣ ស៊ីរី បានក្លាយជាក្រុមទី១៩ ដែលទទួលបានកៅអី Asian Cup ដែលរៀបចំនៅអារ៉ាប៊ីសាអូឌីត ឆ្នាំ ២០២៧។ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅសល់តែការប្រកួតបង្គ្រប់កិច្ចពីរលើកប៉ុណ្ណោះ។
ទាំង៦ពូល ក្នុងវគ្គជម្រុះជើងឯកអាស៊ី ដែលក្នុងមួយពូលមាន៤ក្រុម មានតែមួយក្រុមកំពូលតារាងប៉ុណ្ណោះដែលទទួលបានសំបុត្រទៅវគ្គផ្តាច់ព្រ័ត្រ ស្របពេល៣ក្រុមហាលអាវ។
ពូល A ហ្វីលីពីន កំពុងឈរកំពូលតារាង ដោយរកបាន១០ពិន្ទុ ស្មើក្រុមលេខ២ តាហ្ស៊ីគីស្ថាន ក្រោយឆ្លងកាត់៤ប្រកួត។ ក្នុងពូលនេះ មានតែហ្វីលីពីន និងតាហ្ស៊ីគីស្ថាន ប៉ុណ្ណោះត្រូវប្រជែងគ្នាដណ្តើមកៅអីទៅអារ៉ាប៊ីសាអូឌីត ស្របពេល ទីម័រខាងកើតមាន៣ពិន្ទុ និងម៉ាល់ឌីវគ្មានពិន្ទុរាប់ អស់ឱកាសទៅហើយ។
ក្នុងពូល B ក្រុមលីបង់ រកបាន១០ពិន្ទុ ពីការប្រកួត៤លើក ឈរកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយយេម៉ែន ដែលរកបាន៨ពិន្ទុ។ ស្របពេលនៅ២ប្រកួតចុក្រោយ ព្រុយណេ ដែលមាន៣ពិន្ទុ និងប៊ូតង់១ពិន្ទុ អស់ឱកាសដណ្តើមកំពូលតារាង។
ហុងកុង នាំមុខកំពូលតារាងពូល C មាន៨ពិន្ទុ ស្មើក្រុមលេខ២ សិង្ហបុរី។ បង់ក្លាដែស និង ឥណ្ឌា ដែលមាន២ពិន្ទុពីការប្រកួត៤លើកដូចគ្នា ធ្លាក់នៅជុំទី៣នេះទៅហើយ។ ពីរប្រកួតចុងក្រោយ មានតែហុងកុង និង សិង្ហបុរី ប៉ុណ្តោះ ដែលត្រូវប្រជែងកំពូលតារាងពូលនេះ។
ពូល D មាន៣ក្រុម ត្រូវប្រជែងគ្នានៅ២ប្រកួតចុងក្រោយ ក្នុងនោះរួមមានតួកមេនីស្ថាន ថៃ និងស្រីលង្កា ស្របពេល ឆាយន្នីស តៃប៉ិ អស់ឱកាសមុនគេ។ ឆ្លងកាត់៤ប្រកួត តួកមេនីស្ថានឈរកំពូលតារាងមាន៩ពិន្ទុ ស្មើ ថៃ ដែលនៅលេខ២ ខណៈស្រីលង្កានៅលេខ៣ មាន៦ពិន្ទុ។
ក្នុងពូល F ឯណោះវិញ ម៉ាឡេស៊ី ដែលមានក្តីក្តាំករណីបញ្ចូលកីឡាករចូលសញ្ជាតិខុសគោលការ FIFA កំពុងនាំមុខគេក្នុងពូល មាន១២ពិន្ទុពេញ តាមពីក្រោយដោយវៀតណាម ដែលរកបាន៩ពិន្ទុ។ សល់២ប្រកួតចុងក្រោយ មានតែ ម៉ាឡេស៊ី និងវៀតណាម ប៉ុណ្ណោះ ដែលត្រូវប្រជែងចំណាត់ថ្នាក់កំពូលតារាង ស្របពេល ឡាវ ដែលរកបាន៣ពិន្ទុ និងនេប៉ាល់ គ្មានពិន្ទុរាប់នៅឡើយ បានអស់ឱកាសទៅហើយ។
ចំណោមក្រុមសរុបទាំង២៤ក្រុម ក្រុមដែលទទួលបានកៅអី AFC Asian Cup 2027 រួចស្រេចទាំង១៩ មានម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត អូស្ត្រាលី អ៊ីរ៉ាក់ អ៊ីរ៉ង់ អ៊ូសបេគីស្ថាន កាតា (ម្ចាស់ការពារជើងឯក) អេមីរ៉ាតអារ៉ាប់រួម ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ ប៉ាឡេស្ទីន បារ៉ែន ហ្ស៊កដានី ចិន ឥណ្ឌូណេស៊ី កូរ៉េខាងជើង កូវ៉ែត កាហ្សាក់ស្ថាន និងស៊ីរី៕
ប្រភព៖ THMEYTHMEY



